ព័ត៌មានអន្តរជាតិ

អាមេរិក សង្ឃឹមថាកូរ៉េខាងជើង នឹងជ្រើសយកផ្លូវសន្ដិភាព ចំពោះកិច្ចចរចា​នុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងឃ្លាំមើល ប្រទេសកូរ៉េខាងជើង យ៉ាងជិតស្និទ្ធ ហើយសង្ឃឹមថា របបនេះនឹងជ្រើសរើសយក ផ្លូវសន្តិភាពមួយ នៅពេលដែលជិតដល់ ពេលកំណត់ឆ្នាំចាស់ សម្រាប់កិច្ចពិភាក្សា នុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ។

លោក Pompeo បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍មួយជាមួយ Fox News ចំពេលមានការព្រួយបារម្ភថា កូរ៉េខាងជើង អាចនឹងធ្វើការសាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ឬការបង្កហេតុផ្សេងទៀត ដែលជាការគម្រាមថា “អំណោយបុណ្យណូអែល” សម្រាប់សហរដ្ឋអាមេរិក។

លោកបានបន្ថែមថា “យើងកំពុងឃ្លាំមើល វាយ៉ាងដិតដល់ យើងកំពុងឃ្លាំមើល ហើយដោយកត់សម្គាល់ថា កិច្ចប្រជុំសំខាន់ៗ របស់គណបក្សកាន់អំណាច កូរ៉េខាងជើង បច្ចុប្បន្នកំពុងដំណើរការ នៅក្នុងទីក្រុងព្យុងយ៉ាង”៕
ដោយ៖​ ឈូក បូរ៉ា

To Top