ព័ត៌មានអន្តរជាតិ

តើកម្លាំងយោធាអ៊ីរ៉ង់ ខ្លាំងកម្រិតណា បានជាហ៊ាន គំរាមវាយប្រហារ មហាអំណាចអាមេរិក?

បរទេស៖ ប្រទេស អ៊ីរ៉ង់ បានសច្ចាសងសឹក ទៅលើសហរដ្ឋអាមេរិកវិញ បន្ទាប់ពីមេបញ្ជាការយោធា ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ត្រូវបានមហាអំណាចមួយនេះ សម្លាប់ដោយការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកនៅឯព្រលានយន្តហោះ Baghdad ប្រទេស អ៊ីរ៉ាក់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា “ការសងសឹកដ៏ធ្ងន់ធ្ងរកំពុងរង់ចាំ” អ្នក ដែលនៅពីក្រោយការ វាយប្រហារសម្លាប់ ឧត្តមសេនីយ៍ Qasem Soleimani ។

ដូច្នេះតើយើងដឹងអ្វីខ្លះ អំពីសមត្ថភាពយោធារបស់អ៊ីរ៉ង់? តើកងទ័ពអ៊ីរ៉ង់មានទំហំប៉ុនណា?
យោងតាមវិទ្យាស្ថាន អន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស គឺបានឱ្យដឹងថា មានបុគ្គលិកអ៊ីរ៉ង់ប្រមាណ ៥២៣.០០០ នាក់ ដែលសកម្ម នៅក្នុងតួនាទីយោធាជាច្រើន។ នេះរាប់បញ្ចូលទាំង ៣៥០.០០០ នាក់ នៅក្នុងជួរកងទ័ពធម្មតា ហើយយ៉ាងហោចណាស់ ១៥០.០០០ នាក់ នៅក្នុងកងកម្លាំងឆ្មាំបដិវត្តឥស្លាម (IRGC) ។

អ៊ីរ៉ង់មានបុគ្គលិកសេវាកម្មចំនួន ២០.០០០ នាក់បន្ថែមទៀត នៅក្នុងកងកំលាំង ជើងទឹករបស់អាយ IRGC ។ ក្រុមនេះប្រតិបត្តិការទូកល្បាតប្រដាប់ ដោយអាវុធជាច្រើននៅក្នុងតំបន់ច្រកសមុទ្រ Hormuz ដែលជាទីតាំងនៃការប្រឈមមុខគ្នាជាច្រើន ដែលពាក់ព័ន្ធនឹងនាវាដឹកទង់ជាតិ បរទេសនៅឆ្នាំ ២០១៩ ។

IRGC ក៏គ្រប់គ្រងអង្គភាព Basij ដែលជាកម្លាំងស្ម័គ្រចិត្តដែលបានជួយបង្ក្រាបការប្រឆាំងផ្ទៃក្នុង។ អង្គភាពនេះអាចប្រមូលសក្តានុពលបុគ្គលិករាប់រយរាប់ពាន់នាក់។

IRGC ត្រូវបានបង្កើតឡើងកាលពី ៤០ ឆ្នាំមុន ដើម្បីការពារប្រព័ន្ធអ៊ីស្លាមនៅអ៊ីរ៉ង់ ហើយបានក្លាយជាកម្លាំងយោធានយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់មួយ នៅក្នុងសិទ្ធិផ្ទាល់ខ្លួន។ ទោះបីជាមានចំនួនកងទ័ព តិចជាងកងទ័ពធម្មតាក៏ដោយ ក៏វាត្រូវបានគេចាត់ទុកថា ជាកម្លាំងយោធាដែលមានសិទ្ធិអំណាចបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់។

កម្លាំងពិសេស Quds ដឹកនាំដោយឧត្តមសេនីយ៍ Soleimani ធ្វើប្រតិបត្តិការសម្ងាត់នៅបរទេស សម្រាប់ IRGC ហើយរាយការណ៍ដោយផ្ទាល់ទៅមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។ កម្លាំងពិសេស Quds នេះ ត្រូវបានគេជឿថា មានប្រហែល 5,000 នាក់។

អង្គភាពនេះត្រូវបានគេដាក់ពង្រាយទៅកាន់ប្រទេសស៊ីរី ជាកន្លែង ដែលវាបានណែនាំធាតុយោធាស្មោះត្រង់ នឹងប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ និងកងជីវពល Shia ដែលកំពុងប្រយុទ្ធជាមួយពួកគេ។ នៅក្នុងប្រទេសអ៊ីរ៉ាក់ កម្លាំងនេះបានគាំទ្រ ដល់កងកំលាំងប្រដាប់អាវុធ ដែលគ្រប់គ្រងដោយ Shia ដែលបានជួយក្នុងការកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម។

ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនិយាយថា កងកម្លាំង Quds មានតួនាទីធំទូលាយជាងមុនដោយផ្តល់ថវិកាការបណ្តុះបណ្តាលអាវុធនិងឧបករណ៍ដល់អង្គការនានា ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានកំណត់ថា ជាក្រុមភេរវកម្មនៅមជ្ឈឹមបូព៌ា។ ទាំងនេះរួមបញ្ចូលទាំងចលនាពួកហេសបូឡារបស់ប្រទេសលីបង់ និងជីហាតអ៊ីស្លាមប៉ាឡេស្ទីន។

តើអ៊ីរ៉ង់មានមីស៊ីលទេ?
មែនហើយ អ៊ីរ៉ង់មាន, ហើយសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់គឺជាផ្នែកសំខាន់នៃសមត្ថភាពយោធារបស់ខ្លួនដោយសារតែកង្វះថាមពលអាកាសរបស់ខ្លួន បើប្រៀបធៀបជាមួយគូប្រជែងដូចជាអ៊ីស្រាអែល និងអារ៉ាប់ប៊ីសាអូឌីត។

របាយការណ៍របស់ក្រសួងការពារជាតិ អាមេរិកពិពណ៌នាអំពីកងកម្លាំងមីស៊ីល របស់ប្រទេសនេះ ដែលធំជាងគេនៅមជ្ឈឹមបូព៌ាដែលរួមមានមីស៊ីលរយៈចម្ងាយជិត និងមធ្យម។ អាមេរិកក៏និយាយផងដែរថា អ៊ីរ៉ង់កំពុងសាកល្បងបច្ចេកវិទ្យាអវកាស ដើម្បីអនុញ្ញាតឱ្យប្រទេសនេះអភិវឌ្ឍមីស៊ីលឆ្លងទ្វីបដែលអាចបាញ់បានឆ្ងាយបន្ថែមទៀត។

ទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនឆ្នាំក៏ដោយ ក៏អ៊ីរ៉ង់នៅតែអាចអភិវឌ្ឍសមត្ថភាពយន្តហោះដ្រូន (យន្តហោះគ្មានមនុស្សបើក) បានដែរ។

នៅក្នុងប្រទេសអ៊ីរ៉ាក់ យន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់ ត្រូវបានប្រើប្រាស់តាំងពីឆ្នាំ ២០១៦ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជន IS ។ អ៊ីរ៉ង់ក៏បានចូលដែនអាកាសអ៊ីស្រាអែលជាមួយដ្រូនបំពាក់អាវុធ ដោយប្រតិបត្តិការពីមូលដ្ឋាននៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាម Rusi ។

ជាងនេះទៅទៀត កាលពីខែមិថុនា ឆ្នាំ ២០១៩ អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកដោយអះអាងថា យន្តហោះនេះបានរំលោភដែនអាកាសអ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×