បរទេស៖ ចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការហើយ បន្ទាប់ពីមានសមាជិកភាព អស់រយៈពេល ៤៧ ឆ្នាំនិងច្រើនជាង ៣ ឆ្នាំបន្ទាប់ពីចក្រភពមួយនេះបានបោះឆ្នោត ដើម្បីធ្វើប្រជាមតិអំពីការចាកចេញ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅម៉ោង ២៣ ០០ នាទី ត្រូវបានកត់សម្គាល់ ទាំងដោយការអបអរសាទរ និងដោយោការប្រឆាំងនឹង Brexit ( Brexit នេះ គឺសំដៅទៅលើការដកខ្លួន របស់ចក្រភពអង់គ្លេស ចេញពីសហភាពអឺរ៉ុប) ។
លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានប្តេជ្ញាថា នឹងនាំប្រទេសជាមួយគ្នា និង “នាំយើងឆ្ពោះទៅមុខ” ។
នៅក្នុងសារមួយ ដែលត្រូវបានចេញផ្សាយ នៅលើបណ្តាញសង្គមមួយម៉ោង មុនពេលការចាកចេញ របស់ចក្រភពអង់គ្លេស លោកនាយករដ្ឋមន្រ្តី Boris Johnson បានមានប្រសាសន៍ថា “ សម្រាប់មនុស្សជាច្រើន នេះគឺជាក្តីសង្ឃឹមដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈពេលដែលពួកគេគិតថា នឹងមិនមាន ហើយពិតណាស់មានមនុស្សជាច្រើន ដែលមានអារម្មណ៍នៃការថប់បារម្ភ និងការបាត់បង់។
លោកបន្តថា ហើយបន្ទាប់មកប្រាកដណាស់ មានក្រុមទីបី – ប្រហែលជាក្រុមធំបំផុត ដែលបានចាប់ផ្តើមព្រួយបារម្ភថា ជម្លោះនយោបាយទាំងមូល នឹងមិនដែលដល់ទីបញ្ចប់ឡើយ។ ខ្ញុំយល់ពីអារម្មណ៍ទាំងអស់នោះ និងការងាររបស់យើង ក្នុងនាមជារដ្ឋាភិបាល ដែលជាការងាររបស់ខ្ញុំ គឺធ្វើឱ្យប្រទេសនេះរួមគ្នា ហើយនាំយើងឆ្ពោះទៅមុខ។
លោក Boris Johnson បន្ថែមថា “ សម្រាប់ភាពខ្លាំង និងគុណសម្បតិ្ត គួរឱ្យកោតសរសើររបស់ខ្លួន សហគមន៍អ៊ឺរ៉ុបបានវិវត្តជាង ៥០ ឆ្នាំ ក្នុងទិសដៅមួយ ដែលមិនសម នឹងប្រទេសនេះទៀតឡើយ” ៕ ប្រែសម្រួលៈ ណៃ តុលា