ព័ត៌មានអន្តរជាតិ

ស្លាប់ ៣នាក់ របួសជាង ១៧០នាក់ ក្រោយយន្តហោះដឹកអ្នកដំណើររត់ធ្លាក់ផ្លូវ និងបាក់ជា ៣កំណាត់ នៅតួកគី

BBC៖ មន្ត្រីនិយាយថា យន្តហោះដឹកអ្នកដំណើរចុះចត នៅអាកាសយានដ្ឋានមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេស តួកគី បានរអិលធ្លាក់ពីលើផ្លូវរត់ ហើយបានបាក់ជា ៣ កំណាត់ និងបណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់ និងរងរបួសជាង ១៧០ នាក់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យន្ដហោះ Pegasus Airlines បានដឹកអ្នកដំណើរចំនួន ១៧១ នាក់ និងសមាជិកនាវិក ៦ នាក់ មកពីខេត្ត Izmir នៅភាគខាងលិច នៅពេលវាបានធ្លាក់ផ្លូវ នៅឯអាកាសយានដ្ឋាន Sabiha Gokcen ។

យន្ដហោះ Boeing 737 បានព្យាយាមចុះចត អំឡុងពេលដែលមានភ្លៀង និងខ្យល់ ធ្លាក់ខ្លាំង។ អាកាសយានដ្ឋានត្រូវបានបិទ ហើយជើងហោះហើរបានបង្វែរទិសដៅ បន្ទាប់ពីគ្រោះថ្នាក់។

មនុស្សភាគច្រើន នៅលើយន្តហោះគឺជាជនជាតិតួកគី ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់កំណត់ត្រា របស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដោយនិយាយថា មានអ្នកដំណើរបរទេសចំនួន ២២ នាក់ មកពី ១២ ប្រទេសផ្សេងទៀត។ កុមារមួយចំនួនតូច ត្រូវបានគេជឿថា បាននៅលើយន្តហោះ។

អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ali Yerlikaya បាននិយាយថា “ជាអកុសលយន្ដហោះ Pegasus Airlines មិនអាចបើកលើផ្លូវរត់បាន ដោយសារអាកាសធាតុមិនអំណោយផល ហើយបានរត់ធ្លាក់ផ្លូវប្រហែល ៥០-៦០ ម៉ែត្រ៕ ប្រែសម្រួលៈ ណៃ តុលា

To Top