ព័ត៌មានអន្តរជាតិ

អ្នកជំនាញយូអិន ជំរុញកូរ៉េខាងជើង ឲ្យធ្វើមាតុភូមិនិវត្ដន៍ជនជាតិកូរ៉េខាងត្បូង ១១នាក់ ដែលខ្លួនចាប់ជំរិតកាលពី ៥០ឆ្នាំមុន

យូអិន៖ អ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានទទូចដល់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ជូនជនជាតិកូរ៉េខាងត្បូងចំនួន ១១ នាក់ដែលត្រូវបានចាប់ពង្រត់ កាលពីពាក់កណ្តាលសតវត្សរ៍មុន នៅក្នុងសម្ពាធការទូតចុងក្រោយបង្អស់ លើប្រទេសកុម្មុយនិស្តមួយនេះ។

ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ YS-11 ដែលមានមនុស្ស ៥១ នាក់នៅលើយន្តហោះ ត្រូវបានចាប់ជំរិត ដោយចារកម្មកូរ៉េខាងជើង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៦៩ ហើយបានបង្ខំឲ្យ ចុះចតនៅប្រទេសកូរ៉េខាងជើង។

ប្រទេសកូរ៉េខាងជើង បានអនុញ្ញាតឱ្យអ្នកដំណើរចំនួន ៣៩ នាក់វិលត្រឡប់ទៅផ្ទះវិញ ដោយឆ្លងកាត់ព្រំដែន ដែលមានភាពតានតឹងរវាងកូរ៉េទាំងពីរ ក្នុងរយៈពេលពីរខែក្រោយមក ប៉ុន្តែបានទុកអ្នកដំណើរ ៧ នាក់ និងសមាជិកនាវិក ៤ នាក់។

ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសកូរ៉េខាងជើង ផ្តល់ព័ត៌មានជាបន្ទាន់អំពីជោគវាសនា និងទីកន្លែងរបស់ពួកគេ និងអនុញ្ញាតឱ្យពួកគេ ទាក់ទងជាមួយសាច់ញាតិ របស់ពួកគេដោយសេរី៕ ដោយ៖ ឈូក បូរ៉ា

To Top