ព័ត៌មានអន្តរជាតិ

រយៈពេល៣ថ្ងៃ ក្រុមឧទ្ទាមបាញ់ឧទ្ធម្ភាគចក្រកងទ័ពស៊ីរី ធ្លាក់អស់ ២គ្រឿង

បរទេស៖ កាលពីព្រឹកថ្ងៃសុក្រ ក្រុមសកម្មប្រយុទ្ធ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ កងទ័ពស៊ីរីមួយគ្រឿង នៅក្នុងខេត្តអាឡេពប៉ូ នៅក្នុងអ្វីដែលបានក្លាយជាការធ្លាក់លើកទី ២ ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា វីដេអូឃ្លីបបង្ហាញពី ឧទ្ធម្ភាគចក្រកងទ័ពស៊ីរី ត្រូវបានបាញ់ទម្លាក់ ដោយក្រុមសកម្មប្រយុទ្ធ នៅជិតខេត្តអាឡេពប៉ូ របស់ប្រទេសស៊ីរី បានលេចចេញតាមអ៊ិនធរណេត។

វីដេអូមួយចំនួនបានបង្ហាញពីអ្វី ដែលមើលទៅដូចជាបំណែក នៃកម្ទេចកម្ទីរបស់ឧទ្ធម្ភាគចក្រកងទ័ពស៊ីរី ខណៈពេលដែលនៅក្នុងវីដេអូផ្សេងទៀត គឺឧទ្ធម្ភាគចក្រដែលធ្លាក់ ត្រូវបានគេមើលឃើញធ្លាក់យ៉ាងលឿន។

វីដេអូឃ្លីបត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គម Twitter បន្ទាប់ពីសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមសកម្មប្រយុទ្ធ Jabhat al-Nusra បានទម្លាក់ឧទ្ធម្ភាគចក្រកងទ័ពស៊ីរីមួយគ្រឿង ខណៈដែលវាកំពុងហោះពីលើទីក្រុង Al Atarib ក្នុងខេត្ត អាឡេពប៉ូ៕ ប្រែសម្រួលៈ ណៃ តុលា

To Top