បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយថា ភាគីទាំងពីរនៃសង្គ្រាមស៊ីវិល នៃប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា ចំពោះគម្រោងដោះដូរ អ្នកទោសគ្នាទ្រង់ទ្រាយធំ ដែលពន្យារពេលជាយូរមកហើយ ស្របពេលមានការប្រយុទ្ធគ្នា កាន់តែតានតឹងឡើង រវាងរដ្ឋាភិបាលយេម៉ែន ដែលអន្តរជាតិទទួលស្គាល់ និងពួកឧទ្ទាមហូធី។
អង្គការសហប្រជាជាតិ បាននិយាយដូច្នេះថា គម្រោងនោះ នឹងជាការដោះដូរអ្នកទោសគ្នា ទ្រង់ទ្រាយធំលើកដំបូង រវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម នៅក្នុងឆ្នាំ២០១៥ តែមិនបានបង្ហាញពីចំនួនអ្នកទោស ដែលនឹងត្រូវធ្វើការដោះដូរគ្នានោះទេ។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា អង្គការសហប្រជាជាតិ បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា កិច្ចព្រមព្រៀងនោះ គឺត្រូវបានធ្វើឡើង ក្រោយកិច្ចប្រជុំរយៈពេល៧ថ្ងៃ ដែលចប់នៅថ្ងៃអាទិត្យ នៅទីក្រុង Amman ប្រទេសហ្ស៊កដានី៕ ប្រែសម្រួល៖ប៉ាង កុង