ព័ត៌មានអន្តរជាតិ

កងនាវិកអាមេរិក នៅលើនាវា Seventh Fleet ក្នុងប្រទេសជប៉ុន នឹងត្រូវពិនិត្យ រកមេរោគ COVID-19

បរទេស៖ បុគ្គលិកទាំងអស់ ដែលនៅលើនាវាចម្បាំង និងយន្ដហោះ ដែលជាកម្មសិទ្ធិ របស់កងនាវា Seventh Fleet នៃកងទ័ពជើងទឹកអាម៉េរិក នឹងត្រូវឆ្លងកាត់ការត្រួត ពិនិត្យរកមេរោគកូរ៉ូណា ឬ COVID-19 ដោយសារក្រុមមន្ដ្រីភ័យខ្លាចថា ជំងឺឆ្លងខ្លាំងនេះ អាចចូលក្នុងជួរទ័ពរបស់ពួកគេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីកងទ័ពជើងទឹក សហរដ្ឋអាមេរិក បានបង្ហាញកាលពីថ្ងៃច័ន្ទថា គោលការណ៍ណែនាំថ្មី ត្រូវបានអនុវត្តសម្រាប់កងនាវា Seventh Fleet នៅទីក្រុង Yokosuka នៃប្រទេសជប៉ុនដោយ តម្រូវឲ្យ បុគ្គលឆ្លងកាត់ការសាកល្បងមួយចំនួន មុនពេល ចូលមកអង្គភាព ដែលជាកម្មសិទ្ធិ របស់សេវាកម្មនេះ។ នេះបើយោងតាម Stars and Stripes។

អ្នកនាំពាក្យរបស់ Seventh Fleet លោកអនុសេនីយ៍ឯក Joe Keiley បានកត់សម្គាល់ថា ការត្រួតពិនិត្យនេះមិនត្រឹមតែរាប់បញ្ចូលទាំង ការពិនិត្យសុខភាពសម្រាប់ជំងឺ COVID-19 ទេ ប៉ុន្តែថែមទាំងតម្រូវឱ្យបុគ្គលម្នាក់ៗឆ្លើយសំណួរនិងរាយការណ៍អំពីព័ត៌មាន ដែលពាក់ព័ន្ធថែមទៀតផង។

សូមជម្រាបថា បុគ្គលទាំងអស់ចាប់ពីជនស៊ីវិល និងភ្ញៀវទេសចររហូតដល់នាវិកនិងអ្នកម៉ៅការ នឹងត្រូវបំពេញដំណើរការនេះ ដើម្បីបន្តទៅតំបន់ដែលកាន់កាប់ដោយ Seventh Fleet ។ បើតាមអ្នកនាំពាក្យបាននិយាយថា មន្ត្រីនានាបានត្រៀមផ្តល់ការគាំទ្រ ដល់អ្នកដែលនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top