បរទេស៖ តម្លៃប្រេងឆៅ តាមសេចក្តីរាយការណ៍ បានធ្លាក់ចុះជិត៣០ភាគរយ នៅថ្ងៃចន្ទនេះ ក្រោយប្រទេសអារ៉ាប់សាអូឌីត ដែលជាប្រទេសនាំមុខគេ សម្រាប់ការនាំចេញប្រេង បាននិយាយថា ខ្លួននឹងបង្កើនផលិតកម្មប្រេង នៅក្នុងខែមេសាខាងមុខនេះ ។
ការធ្វើបែបនេះ របស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាការឆ្លើយតបមួយ ចំពោះប្រទេសរុស្ស៊ី ដែលបដិសេធ មិនចូលរួមជាមួយប្រទេស អារ៉ាប៊ីសាអូឌីត និងប្រទេសសមាជិកអង្គការ OPEC ផ្សេងទៀត កាលពីសប្ដាហ៍មុន ក្នុងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយផលិតកម្មប្រេង ហើយលទ្ធផលនឹងបង្កើន ការផ្គត់ផ្គង់លើទីផ្សារប្រេង នទូទាំងពិភពលោក ស្របពេលដែលតម្រូវការគាប់សង្កត់ ដោយសារក្តីព្រួយបារម្ភពីកូរ៉ូណាវីរុស ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ទីភ្នាក់ងារថាមពលអន្តរជាតិ បាននិយាយប្រាប់ថា ខ្លួនធ្វើការព្យាករថា តម្រូវការប្រេងពិភពលោក នឹងថយចុះ ដោយសារតែឥទ្ធិពល នៃកូរ៉ូណាវីរុស៕
ប្រែសម្រួល៖ ប៉ាង កុង