ព័ត៌មានអន្តរជាតិ

មេបញ្ជាការ កងទ័ពអាមេរិកអឺរ៉ុប និងបុគ្គលិកជាច្រើននាក់ទៀត ប្រហែលជានឹងឆ្លងវីរុសកូវីដ១៩ ក្នុងពេលសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះ

វ៉ាស៊ីនតោន៖ លោកឧត្តមសេនីយ៍ឯក Christopher Cavoli មេបញ្ជាការកងទ័ពអាមេរិកប្រចាំអឺរ៉ុប និងបុគ្គលិកជាច្រើននាក់ទៀត នៃការិយាល័យរបស់លោក ប្រហែលជានឹងត្រូវឆ្លងវីរុសកូវីដ១៩ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះ។ នេះបើតាមលោក Ryan McCarthy លេខាធិការកងទ័ពបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក McCarthy បាននិយាយកាលពីថ្ងៃច័ន្ទថា “ មេបញ្ជាការនៃកងទ័ព សហរដ្ឋអាមេរិកនៅអឺរ៉ុប រួមជាមួយបុគ្គលិកជាច្រើននាក់ អាចនឹងត្រូវបានប៉ះពាល់ នឹងវីរុសកូវីដ១៩ ក្នុងអំឡុងសន្និសីទថ្មីៗនេះ” ។ “ដោយការប្រុងប្រយ័ត្នច្រើន និងធ្វើតាមពិធីសារ ដែលបានណែនាំគាត់ និងអ្នកផ្សេងទៀតដែលរងផលប៉ះពាល់ គឺការត្រួតពិនិត្យខ្លួនឯង និងធ្វើការពីចម្ងាយ ដើម្បីបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់ពួកគេ” ។

មន្រ្តីសុខាភិបាលសាធារណៈ របស់កងទ័ពអាមេរិកនៅអឺរ៉ុប បានជូនដំណឹង ដល់បុគ្គលិកអាមេរិកដទៃទៀតទាំងអស់ ដែលប្រហែលជាត្រូវបានប៉ះពាល់ នឹងវីរុសនៅក្នុងសន្និសីទនេះ។

លោក McCarthy បាននិយាយថា ក្រុមមន្រ្តីយោធាអាមេរិកនៅអឺរ៉ុប កំពុងធ្វើការវាយតំលៃរាល់ថ្ងៃ នៃការផ្ទុះវីរុស និងពិគ្រោះយោបល់ ជាមួយអ្នកជំនាញ ផ្នែកសារព័ត៌មានបន្ថែម ពីលើប្រទេសម្ចាស់ផ្ទះ សម្ព័ន្ធមិត្ត និងដៃគូ។

យោងតាមអ្នកតាមដានមេរោគ នៃសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា មានករណីឆ្លងវីរុសកូវីដ១៩ជាង ១១០.០០០ ករណីត្រូវបានបញ្ជាក់ទូទាំងពិភពលោក រាប់បញ្ចូលទាំងការស្លាប់ជិត ៤.០០០ នាក់ នៅក្នុងប្រទេសយ៉ាងហោចណាស់ ១០០ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top