តូក្យូ៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ ចេញផ្សាយដោយផ្អែកលើទិន្នន័យរបស់រដ្ឋាភិបាល និងប្រភពព័ត៌មានផ្សេងទៀត បានឱ្យដឹងថា ចំនួននៃការឆ្លងពីមេរោគថ្មីនេះបានកើនឡើងដល់ ៣០០.០០០នាក់ នៅទូទាំងពិភពលោក ជាមួយនឹងការស្លាប់របស់អ្នកឆ្លងជិត ១៣.០០០នាក់ គិតមកដល់ថ្ងៃអាទិត្យម្សិលមិញនេះ។
ចំនួននេះបានកើនឡើងទ្វេដង ចាប់តាំងពីករណីឆ្លងមានលើសពី ១៥០.០០០នាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបង្ហាញថា ការផ្ទុះឡើងនៃវីរុសបណ្តាល ឱ្យមានជំងឺរលាកសួត កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។
ប្រទេសចិនឈរនៅលើគេ ក្នុងបញ្ជីដោយមានករណីចំនួន ៨១.០០០ករណី បន្តដោយប្រទេសអ៊ីតាលីមានប្រមាណ ៥៣.០០០ ករណី ហេីយ ២៥.០០០នាក់ នៅអេស្ប៉ាញ ២៤.០០០ នាក់នៅអាមេរិក និង ២០.០០០នាក់ នៅអ៊ីរ៉ង់។
ចំនួនអ្នកឆ្លងជំងឺនេះបានឡើងដល់ ១.០០០នាក់ នៅទ្វីបអាហ្វ្រិក ដែលជាការកើនឡើង ៥ដងក្នុងរយៈពេលតែមួយសប្តាហ៍ នៅក្នុងនោះដែរប្រទេសប្រេស៊ីល បានចុះបញ្ជីជាង ១.០០០ករណីផងដែរ៕
ដោយ ឈូក បូរ៉ា