តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា សារព័ត៌មានប្រចាំថ្ងៃ Financial Tribune បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់ បានស្នើសុំប្រាក់កម្ចីដែលមានទឹកប្រាក់ ចំនួន៥០លានដុល្លារ ពីធនាគារពិភពលោក (WB) ដែលជាមូលនិធិសម្រាប់ យកមកប្រើប្រាស់ក្នុងការប្រយុទ្ធប្រ ឆាំងនឹងវីរុសកូរ៉ូណា ។
លោក Kamel Taqavinejad អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានត្រូវសារព័ត៌មានខាងលើដកស្រង់សម្តី ដែលបានថ្លែងថា “កិច្ចការបានត្រៀមរួចរាល់ និងស្នើសុំខ្ចីក៏ត្រូវបានធ្វើឡើងដែរ ដោយមានការសម្រប សម្រួលជាមួយអង្គភាពពាក់ព័ន្ធនានា មានដូចជា ធនាគារកណ្តាលអ៊ីរ៉ង់” ។
នេះជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ២០០៥ ដែលអ៊ីរ៉ង់ បានស្នើសុំឲ្យធនាគារពិភពលោកផ្តល់ប្រាក់ កម្ចី ។ លោក Taqavinejad បានថ្លែងយ៉ាងដូច្នេះ ។
កាលពីថ្ងៃទី១២ ខែមីនា ធនាគារកណ្តាលអ៊ីរ៉ង់ បានប្រកាសថា ខ្លួនបានស្នើដល់មូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF)ដែលមានទឹកប្រាក់ ៥ពាន់លានដុល្លារ ដែលជាប្រាក់កម្ចីសម្រាប់ យកមកប្រើប្រាស់ក្នុងការ ប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស ។ យ៉ាងណាមិញ នៅក្នុងសេចក្តីរាយការណ៍បានឲ្យដឹងថា ចុងក្រោយ គឺថា សហរដ្ឋអាមេរិក បានប្លុក លើសំណើររបស់អ៊ីរ៉ង់ សម្រាប់ប្រាក់កម្ចីបន្ទាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា