ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងគ្រោះថ្នាក់ ធ្ងន់ធ្ងរ បន្ទាប់ពីវះកាត់

CNN៖ សហរដ្ឋអាមេរិក កំពុងឃ្លាំមើល ដោយសម្ងាត់ថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីវះកាត់។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្មីៗនេះលោកគីម បានខកខាន ចូលរួមពិធីអបអរសាទរ ខួបកំណើតជីតារបស់លោក កាលពីថ្ងៃទី ១៥ ខែមេសា ដែលបានធ្វើឱ្យមានការសង្ស័យ អំពីសុខុមាលភាព របស់មេដឹកនាំកំពូលរូបនេះ ។ លោក គីម ត្រូវបានគេឃើញ បង្ហាញមុខកាល ០៤ថ្ងៃមុន នៅក្នុងការប្រជុំរដ្ឋាភិបាល។

មន្រ្តីអាមេរិកម្នាក់ទៀត បានប្រាប់ CNN កាលពីថ្ងៃចន្ទថា ការព្រួយបារម្ភអំពីសុខភាព របស់លោក គីម ជុងអ៊ុន គឺអាចទុកចិត្តបាន ប៉ុន្តែភាពធ្ងន់ធ្ងរគឺពិបាកក្នុងការវាយតម្លៃ។

សារព័ត៌មានប្រចាំថ្ងៃ Daily NK ដែលមានមូលដ្ឋាន នៅប្រទេសកូរ៉េខាងត្បូង ដែលផ្តោតលើប្រទេសកូរ៉េខាងជើង បានរាយការណ៍ថាលោកគីម បានទទួលនីតិវិធីប្រព័ន្ធសរសៃឈាម និងបេះដូង កាលពីថ្ងៃទី ១២ ខែមេសា។

យោងតាមគេហទំព័រព័ត៌មាន បានអោយដឹងថា លោកគីមបានទទួលនីតិវិធី នៃប្រព័ន្ធសរសៃឈាមបេះដូង ដោយសារតែ“ ជក់បារីច្រើនហួស ភាពធាត់ជ្រុល និងធ្វើការហួសកំរិត” ហើយយោងតាមប្រភពព័ត៌មាន បានអោយដឹងថា ឥឡូវនេះលោកកំពុងទទួលការព្យាបាល នៅវីឡាមួយក្នុងតំបន់ហ័ងសាន។

បន្ទាប់ពីវាយតម្លៃថា ស្ថានភាពរបស់លោកគីម មានភាពប្រសើរឡើងនោះ ភាគច្រើននៃក្រុមគ្រូពេទ្យ ដែលព្យាបាលលោក បានវិលត្រឡប់មកក្រុងព្យុងយ៉ាង វិញនៅថ្ងៃទី ១៩ ខែមេសាហើយពួកគេមួយចំនួន នៅតែបន្តត្រួតពិនិត្យស្ថានភាពស្តារឡើងវិញរបស់គាត់ ។

ទូរទស្សន៍CNN មិនអាចបញ្ជាក់ពីរបាយការណ៍នេះ ដោយឯករាជ្យបានទេ។

ក្រុមប្រឹក្សាសន្តិសុខជាតិ និងការិយាល័យនាយក នៃទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលដែលទូរទស្សន៍ CNN បានទាក់ទងកាលពីថ្ងៃចន្ទ។

CNN ក៏បានទាក់ទងទៅ CIA និងក្រសួងការបរទេសអាមេរិក ផងដែរ ដើម្បីសាកសួរជុំវិញរឿងនេះ និងស្វែងរកការអត្ថាធិប្បាយ ពីកូរ៉េខាងត្បូងដូចគ្នាដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top