ព័ត៌មានអន្តរជាតិ

កំណើនថវិកា យោធាចិន ឆ្នាំ២០២០ កើនឡើង ៦,៦ភាគរយ

បរទេស៖ នៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានប្រកាសពីកំណើន ចំនួន៦,៦ភាគរយ នៅក្នុងកញ្ចប់ថវិកាការពារជាតិ ចំនួន១៧៨ពាន់លានដុល្លាររបស់ខ្លួន ហើយនេះគឺជាកំណើន ថវិការការពារជាតិមួយ ដែលថយចុះតិច ជាងកំណើនឆ្នាំមុន ដែលកើនឡើង​ ដល់ទៅ៧,៥ភាគរយ។

លោក Wei Dongxu ជាអ្នកវិភាគយោធាមានមូលដ្ឋាន នៅក្នុងទីក្រុងប៉េកាំង បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានចិន Global Times ថា កញ្ចប់ថវិកានោះធានាបានថា កម្មវិធីយោធារបស់ប្រទេសចិន នៅតែមិនរងផលប៉ះពាល់ ដោយសារតែមេរោគកូវីដ១៩ ហើយអាចបន្ត ទៅមុខតាមការគ្រោងទុក។

គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង នៅក្នុងពិធីបើករដ្ឋសភាជាតិចិន ដែលជាអំណាចនីតបញ្ញត្តិជាតិ ប៉ុន្តែបើទោះជាមានការថយចុះ ក្នុងកំណើនថវិកាការពារជាតិបែបនេះ ដែលជាកំណើនដ៏ទាប់បំផុត ក្នុងរយៈពេល ជាច្រើនឆ្នាំមកនេះក្តី ក៏វានៅតែជាកញ្ចប់ថវិកាដ៏ធំបំផុត លំដាប់ទីពីរ ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានកញ្ចប់ថវិកា ការពារជាតិ ដល់ទៅ ៧៣៨ពាន់លានដុល្លារ៕
ប្រែសម្រួល៖ប៉ាង កុង

To Top