ព័ត៌មានអន្តរជាតិ

ពិឡុតជនជាតិ ប៉ាគីស្ថាន ២៧នាក់ ដែលបើកបរ ឱ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាម គឺប្រើប្រាស់ បណ្ណបើកបរយន្តហោះ ក្លែងក្លាយ

បរទេស៖ អ្នកបើកយន្តហោះជនជាតិប៉ាគីស្ថានចំនួន ២៧ នាក់ ដែលបម្រើការអោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រូវបានផ្អាកបន្ទាប់ពីប្រទេសប៉ាគីស្ថានរកឃើញថាអាកាសយានិកក្នុងស្រុកចំនួន ២៦២ នាក់ បានប្រើប្រាស់ប័ណ្ណអនុញ្ញាតបើកយន្តហោះក្លែងក្លាយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Dinh Viet Thang ប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) លពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តនេះបានចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍។ អាកាសយានិកដែលផ្អាកទាំងនោះ គឺជាអ្នកដែលមានអាជ្ញាប័ណ្ណហោះហើរ ដោយប៉ាគីស្ថាន។

លោក Thang បាននិយាយថា ការព្យួរនេះនឹងត្រូវដកចេញ ប្រសិនបើការត្រួតពិនិត្យរបស់អាជ្ញាធរអាកាសចរណ៍វៀតណាមបង្ហាញថា អាជ្ញាប័ណ្ណនិងលក្ខណៈសម្បត្តិរបស់ពួកគេស្របច្បាប់។

ចំណែករដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម គឺលោក Nguyen Van កាលពីពេលថ្មីៗនេះបានស្នើសុំឱ្យ CAAV បញ្ឈប់ការបើកបររបស់ អ្នកបើកយន្តហោះប៉ាគីស្ថានដើម្បីត្រួតពិនិត្យអាជ្ញាប័ណ្ណរបស់ពួកគេ និងបញ្ឈប់អ្នកបើកយន្តហោះបរទេសដោយប្រើវិញ្ញាបនប័ត្រដែលចេញដោយប៉ាគីស្ថានដែល សង្ស័យថាក្លែងក្លាយ។

ភាគីទាំងពីរក៏បានស្នើសុំឱ្យ CAAV ពិនិត្យឡើងវិញនូវ គុណសម្បត្តិរបស់អ្នកបើកយន្តហោះបរទេសទាំងអស់ដែលធ្វើការ ឱ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងដោះស្រាយករណីសង្ស័យពីការក្លែងបន្លំ៕ប្រែសម្រួលៈ ណៃ តុលា

To Top