បរទេស៖ បារាំងបានយល់ព្រម ផ្គត់ផ្គង់យន្តហោះចម្បាំង Rafale ដល់ប្រទេសឥណ្ឌា នៅក្នុងខែកញ្ញាឆ្នាំ ២០១៦។ យន្តហោះចម្បាំងទាំងនោះ បានចាប់ផ្តើមផ្គត់ផ្គង់នៅឆ្នាំ ២០១៩ ហើយនឹងបន្ត ទៅដល់ប្រទេសឥណ្ឌាជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០២២ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh បាននិយាយនៅលើធ្វីធើរថា យន្ដហោះចម្បាំង Rafale ចំនួន ៥ គ្រឿង បានចុះចតដោយសុវត្ថិភាព នៅឯស្ថានីយ៍ទ័ពអាកាស Ambala ដែលបញ្ជាក់ពី“ ការចាប់ផ្តើម នៃយុគសម័យថ្មីមួយ នៅក្នុងប្រវត្តិសាស្ត្រយោធារបស់យើង” ។
រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌារូបនេះ ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលបារាំង, ក្រុមហ៊ុន Dassault Aviation និងក្រុមហ៊ុនបារាំងដទៃទៀត ដែលបាន “ធានាការដឹកជញ្ជូនយន្តហោះ និងអាវុធរបស់ខ្លួន ឱ្យបានទាន់ពេលវេលា ទោះបីជាមានការរឹតត្បិតធ្ងន់ធ្ងរ ដែលបង្កឡើង ដោយជំងឺរាតត្បាតកូវីដ១៩” ។
លោក Rajnath Singh បាននិយាយថា យន្តហោះនេះ មានដំណើរការហោះបានល្អណាស់ ហើយអាវុធរ៉ាដានិងឧបករណ៍ចាប់សញ្ញា និងសមត្ថភាពធ្វើសង្គ្រាមអេឡិចត្រូនិច គឺស្ថិតនៅក្នុងចំណោមអ្វី ដែលល្អបំផុតនៅលើពិភពលោក។ ការមកដល់របស់យន្តហោះចម្បាំងនេះ នៅក្នុងប្រទេសឥណ្ឌានឹងធ្វើឱ្យអាយ ទ័ពអាកាសឥណ្ឌា មានភាពរឹងមាំជាងមុន ក្នុងការទប់ស្កាត់ រាល់ការគំរាមកំហែងណាមួយ ដែលអាចនឹងកើតមាន លើប្រទេសរបស់យើង”៕ ប្រែសម្រួលៈ ណៃ តុលា