ព័ត៌មានអន្តរជាតិ

ក្រោយបែកធ្លាយព័ត៌មានថា អាមេរិកគ្រោងលក់ យន្តហោះដ្រូន ស៊ើបការណ៍ ៤ គ្រឿង ទៅកោះតៃវ៉ាន់ ចិនថា នេះគឺរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើគោលការណ៍ ចិនតែមួយ

បរទេស៖ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ធ្វើឡើងជាការឆ្លើយតបទៅនឹងរបាយការណ៍ដែលបានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងសម្លឹងមើលការលក់យន្តហោះដ្រូនស៊ើបការណ៍ចំនួន ៤ គ្រឿង ទៅឱ្យខេត្តដាច់ដោយឡែក គឺកោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកោះតៃវ៉ាន់ គឺរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ចិនតែមួយ ហើយគួរតែបញ្ឈប់។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពអនាមិកចំនួន ៦ ដែលទីក្រុងវ៉ាស៊ីនតោនបានចូលរួមក្នុងកិច្ចពិភាក្សាជាមួយអាជ្ញាធរកោះតៃវ៉ាន់ស្តីពីការលក់យន្តហោះគ្មានមនុស្សបើកស៊ើបការណ៍ SeaGuardian ចំនួន ៤ គ្រឿង។ កិច្ចព្រមព្រៀងដែលមានសក្តានុពលទាមទារអោយមានការយល់ព្រមពីសភាមុនពេលបញ្ចប់ហើយត្រូវបានគេរំពឹងថា នឹងត្រូវបង្ហាញដល់សមាជិកសភានៅខែកញ្ញា។

កាលពីខែមុនសហរដ្ឋអាមេរិកបានយល់ព្រមលើកញ្ចប់ទឹកប្រាក់ចំនួន ៦២០ លានដុល្លារសម្រាប់កោះតៃវ៉ាន់សម្រាប់ ប្រព័ន្ធមីស៊ីលការពារអាកាស Patriot Advanced Capability-3 ។ នៅគ្រានោះ រដ្ឋាភិបាលទីក្រុងប៉េកាំង របស់ចិន ក៏បានថ្កោលទោសកិច្ចព្រមព្រៀងនេះផងដែរ និងបានដាក់ទណ្ឌកម្មលើសាជីវកម្មការពារជាតិអាមេរិក Lockheed Martin ថែមទៀតផង៕ប្រែសម្រួលៈ ណៃ តុលា

To Top