ព័ត៌មានអន្តរជាតិ

យោធាអាមេរិក បញ្ចូនចំណីអាហារ ទឹក និងគ្រឿងបរិក្ខារពេទ្យទៅលីបង់

បរទេស៖ យន្តហោះដឹកជញ្ជូន C-17 Globemaster III របស់កងកម្លាំងអាកាសអាមេរិក មួយគ្រឿង បានដឹកជញ្ជូនចំណីអាហារ ទឹកនិងគ្រឿងបរិក្ឋារពេទ្យ ទៅកាន់ទីក្រុងបេរូត ប្រទេសលីបង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីមានហេតុការណ៍ផ្ទុះមួយ ក្នុងសប្ដាហ៍នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោកឧត្តមសេនីយ៍ Frank McKenzie ជាមេបញ្ជាការ នៃទីបញ្ជាការកណ្ដាលអាមេរិក បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិក បានចូលរួមយ៉ាងសកម្ម ក្នុងការបញ្ជូនចំណីអាហារ ទឹកនិងគ្រឿងបរិក្ខារពេទ្យ ទៅឲ្យកងកម្លាំងប្រដាប់អាវុធលីបង់ បំពេញតាមតម្រូវការចំាបាច់ របស់ប្រជាជនលីបង់ ហើយយើង កំពុងតែធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយកងកម្លាំងប្រដាប់អាវុធលីបង់ និងរំពឹងថា យើងនឹងបន្តផ្តល់ជំនួយបន្ថែមទៀត តាមរយៈកិច្ចប្រឺងប្រែងធ្វើឲ្យប្រសើរឡើង របស់ប្រទេសលីបង់”។

គួរបញ្ជាក់ថា ការបញ្ជូនជំនួយនៅថ្ងៃព្រហស្បតិ៍នេះ គឺជាការបញ្ជូនដំបូង ក្នុងចំណោមយន្តហោះដឹកជំនួយ ៣គ្រឿង សង្គ្រោះគ្រោះមហន្តរាយ ដែលលោក Frank McKenzie បានសន្យា​ ក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយមេបញ្ជាការលីបង់ លោកឧត្តមសេនីយ៍ Joseph Aoun សម្តែងការចូលរួមសោកស្តាយ ចំពោះការបាត់បង់អាយុជីវិត និងវិនាសកម្ម ក្នុងទីក្រុងបេរូតកាលពីថ្ងៃអង្គារ៕ ប្រែសម្រួល៖ប៉ាង កុង

To Top