ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីលីបង់ ស្នើឱ្យបារាំងផ្តល់រូបថត ពីលើអាកាសបញ្ជាក់ថា ការផ្ទុះដ៏កក្រើកក្នុងទីក្រុង បេរូត បណ្តាលមកពីមីស៊ីល ឬយន្តហោះ

បរទេស៖ ការផ្ទុះដ៏ធំមួយ បានឆាបឆេះពេញរដ្ឋធានីបេរូត របស់ប្រទេសលីបង់ កាលពីល្ងាចថ្ងៃទី ៤ ខែសីហា ដែលបណ្តាលឱ្យ មនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស និងបានបង្កការខូចខាត យ៉ាងដំណំដល់ទីក្រុង។ យោងតាមអាជ្ញាធរ បានអោយដឹងថា ឧប្បត្តិហេតុនេះ បណ្តាលមកពីការផ្ទុកមិនត្រឹមត្រូវ នៃសារធាតុ អាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីលីបង់លោក Michel Aoun មិនបានច្រានចោលលទ្ធភាព នៃការជ្រៀតជ្រែកពីបរទេស នៅក្នុងការផ្ទុះដ៏សាហាវ នៅក្នុងរដ្ឋធានីបេរូតនោះទេ ដោយលោកនិយាយថា ក្រុមអ្នកស៊ើបអង្កេត កំពុងពិនិត្យមើល ថាតើមីស៊ីល ឬគ្រាប់បែក អាចត្រូវបានប្រើ នៅក្នុងឧប្បត្តិហេតុនេះដែរ ឬទេ។

យោងតាមសេចក្តីថ្លែងការណ៍ របស់លោក Michel Aoun ដែលចេញដោយការិយាល័យ របស់លោក គឺថា ការស៊ើបអង្កេត លើការផ្ទុះដ៏សាហាវនេះ ត្រូវបានបែងចែកជា ៣ ដំណាក់កាល។

លោកប្រធានាធិបតីលីបង់រូបនេះ បានបានបន្ថែមទៀតថា លោកបានស្នើសុំ ឱ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ផ្តល់នូវរូបថតពីលើអាកាស ដល់ប្រទេសលីបង់ ដើម្បីកំណត់ ថាតើមានភ័ស្តុតាងណាមួយ នៃយន្តហោះឬមីស៊ីលទេ។

លោកបានកត់សម្គាល់ថា ប្រសិនបើទីក្រុងប៉ារីស មិនទទួលបានពួកគេទេ នោះរដ្ឋាភិបាលទីក្រុង បេរូត នឹងស្នើសុំឱ្យប្រទេសផ្សេងទៀតធ្វើវា៕ ប្រែសម្រួលៈ ណៃ តុលា

To Top