ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រាប់លោក អាបេ ថាលោកជានាយករដ្ឋមន្ត្រីអស្ចារ្យបំផុតរបស់ជប៉ុន

បរទេស៖ មន្ត្រីនាំពាក្យសេតវិមានមួយរូបបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅលោក ស៊ិនហ្ស៊ូ អាបេ ថាជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យ បំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន នៅក្នុងអំឡុងកិច្ចសន្ទនា គ្នាតាមទូរស័ព្ទមួយ រវាងមេដឹកនាំទាំងពីរ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា លោកនឹងលាឈប់ពីតំណែងដោយសារបញ្ហាសុខភាព។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Judd Deere ជាមន្ត្រីនាំពាក្យសេតវិមានបាននិយាយថា មេដឹកនាំទាំងពីរ បាននិយាយគ្នាយ៉ាងយូរ ហើយលោក ត្រាំ បាននិយាយប្រាប់លោក អាបេ ថាលោកបានធ្វើការងារដ៏អស្ចារ្យនិងថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ ឡើងជាងដែលធ្លាប់មាន។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Judd Deere បាននិយាយយ៉ាងដូច្នេះថា “លោកប្រធានាធិបតី បានហៅលោកនាយករដ្ឋមន្ត្រី អាបេ ថាជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រជប៉ុន”៕

ប្រែសម្រួល៖ប៉ាង កុង

To Top