ព័ត៌មានអន្តរជាតិ

ថៃ៖ ជនបរទេស ប្រឈមនឹងការ ចាប់ខ្លួន និងជាប់ពន្ធនាគារ ជុំវិញការស្នាក់នៅហួសកំណត់

បរទេស៖ លោកវរសេនីយ៍ Pak Pakpong Sai-ubol អ្នកនាំពាក្យរងការិយាល័យ ជនអន្តោប្រវេសន៍បានព្រមានថា ជនបរទេសជាង ១៥ ម៉ឺននាក់ ចាំបាច់ត្រូវមានទិដ្ឋាការទេសចរណ៍ឡើងវិញនៅថ្ងៃទី ២៦ ខែកញ្ញា ឬប្រឈមនឹងការចោទ ប្រកាន់ពីបទ ស្នាក់នៅក្នុងប្រទេសថៃហួសកំណត់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Pak Pakpong Sai-ubol ថា “ ទិដ្ឋាកាទេសចរណ៍ហួសកម្រិតគឺត្រូវផ្តន្ទាទោសទាំងការដាក់ពន្ធនាគារ និងការផាកពិន័យនៅក្រោមច្បាប់អន្តោប្រវេសន៍” ។ ជនល្មើសក៏នឹងត្រូវនិរទេសទៅប្រទេសដើមរបស់ពួកគេដែរ។

តាមច្បាប់ជនណាដែលបានហួសទិដ្ឋាការលើសពី ៩០ ថ្ងៃ ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសវិញក្នុងរយៈពេលមួយឆ្នាំ និងត្រូវដាក់ក្នុងបញ្ជីខ្មៅមានរយៈពេលរហូតដល់មួយជីវិត ប្រសិនបើរយៈពេលលើសពី ១០ ឆ្នាំ។

សូមជម្រាបថា ភ្ញៀវទេសចរបរទេសជាច្រើនបានជាប់គាំងនៅក្នុងប្រទេសថៃ នៅពេលចាប់ផ្តើមរាតត្បាតនៃមេរោគកូវីដ១៩ នៅចុងខែមីនា នៅពេលជើងហោះហើរអន្តរជាតិ ត្រូវបានផ្អាកនិងព្រំដែនបិទ ដើម្បីទប់ស្កាត់ការឆ្លងវីរុសនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top