ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ប្តេជ្ញាជំរុញបង្កើនសហប្រតិបត្តិការ តាមព្រំដែននិងជំនួញ

បរទេស៖ ប្រទេសអ៊ីរ៉ង់និងអ៊ីរ៉ាក់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានប្តេជ្ញាធ្វើឲ្យកាន់តែប្រសើរឡើង នូវសហប្រតិបត្តិការតាមព្រំដែន និងជំរុញបង្កើនជំនួញ រវាងប្រទេសជិតខាងគ្នាទាំងពីរ ដែលរងគ្រោះធ្ងន់ធ្ងរដោយសារតែការរាតត្បាត នៃមេរោគកូរ៉ូណា។

យោងតាមគេហទំព័ររបស់រដ្ឋាភិបាលមួយ លោកប្រធានាធិបតីអ៊ីរ៉ង់ ហាស្សាន រ៉ូហានី បាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ាក់ លោក Fuad Hussein ដូច្នេះថា “យើងនៅតែប្តេជ្ញាបង្កើនសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ រវាងប្រទេសទាំងពីរ”។

គេហទំព័រដដែលនោះ ក៏បាននិយាយផងដែរថា ចំណែកលោក Fuad Hussein ក៏បានស្នើឲ្យអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគី នៅក្នុងវិស័យនានា ដែលរួមមានទាំងសហប្រតិបត្តិការតាមព្រំដែន ការដឹកជញ្ជូន និងជំនួញរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា បានបណ្ដាលឲ្យមានការបិទព្រំដែន និងរំខាតដល់ការធ្វើជំនួញ និងការធ្វើដំណើររបស់ធម្មយាត្រានិងភ្ញៀវទេសចររាប់លាននាក់៕

ប្រែសម្រួល៖ប៉ាង កុង

To Top