ព័ត៌មានអន្តរជាតិ

អ្នកឆ្លងមេរោគកូវីដ១៩ នៅថៃ កើនដល់ ៣ ៥៤៥នាក់ ក្រោយរកឃើញអ្នកឆ្លងថ្មី២២នាក់ ក្នុងនោះទាហានមួកខៀវ ១៧នាក់

បរទេស៖ រដ្ឋាភិបាលថៃ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ២២ ករណីថែមទៀត នៅថ្ងៃច័ន្ទ ដោយបានបង្កើនចំនួនអ្នកឆ្លងនៅក្នុងប្រទេសថៃសរុបកើនឡើងដល់ ៣ ៥៤៥នាក់ ចំណែក ចំនួនអ្នកស្លាប់ មិនមានការផ្លាស់ប្តូរទេគឺ ៥៩ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីឆ្លងដែលរកឃើញថ្មីគឺមានចំនួន ១៦ ករណី គឺមកពីស៊ូដង់ខាងត្បូង, ៤ ករណីមកពីប្រទេសឥណ្ឌា, ម្នាក់ពីប្រទេសប៉ាគីស្ថាន និងម្នាក់ទៀតមកពីប្រទេសហ្វីលីពីន។

មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយថា ករណីថ្មីទាំង ១៦ ដែលបានមកពីស៊ូដង់ខាងត្បូងគឺជាទាហានថៃ ដែលត្រឡប់មកពីប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ នៅក្នុងប្រទេសអាហ្វ្រិក។

ពួកគេបានវិលត្រឡប់ទៅប្រទេសថៃវិញ តាមជើងហោះហើរ ពិសេសកាលពីថ្ងៃអង្គារ ហើយត្រូវបានគេដាក់នៅដោយឡែក នៅខេត្តឈុនបុរី ។ លទ្ធផលតេស្ត របស់ពួកគេនៅថ្ងៃសៅរ៍ គឺមានភាពវិជ្ជមាន ទោះបីជាអ្នកទាំងអស់នោះ មិនបានលេចចេញរោគសញ្ញាក៏ដោយ។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Phramongkutklao បន្ទាប់ពីការធ្វើតេស្តិ៍៕

ប្រែសម្រួលៈ ណៃ តុលា

To Top