ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានកូរ៉េខាងត្បូង ពីការរំលោភចូលដែនសមុទ្រ ដើម្បីស្វែងរកសពមន្រ្តីរបស់ខ្លួន

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានព្រមានប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ ឱ្យបញ្ឈប់ការរំលោភព្រំដែន សមុទ្រខាងលិចរបស់ខ្លួន ក្នុងការស្វែងរកសាកសពរបស់ពលរដ្ឋ ដែលត្រូវបានបាញ់សម្លាប់ នៅក្នុងដែនទឹករបស់កូរ៉េខាងជើង ដោយថា ខ្លួននឹងស្វែងរកសាកសពដោយខ្លួនឯង និងប្រគល់វាប្រសិនបើរកឃើញ។

កូរ៉េខាងត្បូង បាននិងកំពុងស្វែងរក សាកសពមន្ត្រីជលផលអាយុ ៤៧ ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់ ដោយទាហានកូរ៉េខាងជើង កាលពីដើមសប្តាហ៍មុន បន្ទាប់ពីលោកបានរសាត់ ទៅក្នុងដែនទឹករបស់ពួកគេ ក្បែរព្រំដែនសមុទ្រលឿង រវាងភាគីទាំងពីរ។

ប្រទេសកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើង បានបាញ់សម្លាប់លោក ហើយបានដុតសាកសពចោល ខណៈកូរ៉េខាងជើងអះអាងថា សាកសពជនរងគ្រោះ បានលិចចូលក្នុងសមុទ្រ បន្ទាប់ពីលោកត្រូវបានបាញ់សម្លាប់។

យោងតាមរបាយការណ៍ របស់កងនាវាចរភាគខាងលិច នៃកងទ័ពជើងទឹករបស់យើង កូរ៉េខាងត្បូង បានកេណ្ឌនាវាជាច្រើន រួមទាំងនាវាចម្បាំងទៅជាសកម្មភាព ដែលសន្មតថា ជាប្រតិបត្តិការរុករកមួយ ហើយអនុញ្ញាតឱ្យពួកគេ ចូលក្នុងដែនទឹករបស់យើង ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា៕ ដោយ៖ ឈូក បូរ៉ា

To Top