ព័ត៌មានអន្តរជាតិ

កងកម្លាំងទ័ព អាកាសអាមេរិក ចាប់ផ្តើមបេសកកម្មល្បាត ណាតូនៅប៊ុលហ្គារី

បរទេស ៖ អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នៅសប្ដាហ៍នេះថា យន្តហោះចម្បាំង របស់កងទ័ព អាកាសសហរដ្ឋអាមេរិក F-16 ចំនួន៦គ្រឿង បានចូលរួមជាមួយយន្តហោះប៊ុលហ្គារី ក្នុងបេសកកម្មល្បាត ដែនអាកាសរយៈពេល៤សប្ដាហ៍។

សេចក្តីថ្លែងការណ៍មួយ របស់អង្គការណាតូបាននិយាយដូច្នេះថា “បេសកកម្មល្បាតដែនអាកាសណាតូ គឺត្រូវបានរចនាឡើង ដើម្បីរក្សាសន្តិសុខដែនអាកាសរបស់សម្ពន្ធមិត្ត។ យន្តហោះល្បាតដែនអាកាស នឹងហោះទៅក្នុង អាកាសយ៉ាងលឿន នៅពេលដែលយន្តហោះយោធាឬក៏ស៊ីវិល ស្ថិតក្នុងភាពអាសន្ន ឬក៏ពួកគេមិនអនុវត្តតាមច្បាប់ហោះហើរអន្តរជាតិ និងចូលមកជិតដែលអាកាសរបស់សម្ពន្ធមិត្តណាតូ”។

គួរបញ្ជាក់ថា បេសកកម្មល្បាតដែនអាកាសបែបនេះ គឺបានកើតមាននៅក្នុងតំបន់អឺរ៉ុបភាគខាងកើត ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ចំណែកបេសកកម្មនៅអឺរ៉ុបភាគអាគ្នេយ៍ បានកើនឡើងក្នុងឆ្នាំ២០១៦ បន្ទាប់ពីរុស្ស៊ីធ្វើការជ្រៀតជ្រែកនិងដាក់តំបន់គ្រីមារបស់អ៊ុយក្រែនឲ្យចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤៕
ប្រែសម្រួល៖ប៉ាង កុង

To Top