បរទេស៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅតំបន់អាស៊ី នាសប្ដាហ៍ក្រោយនេះ បង្ហាញឲ្យឃើញពីការប្តេជ្ញាដ៏ខ្លាំងក្លារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសម្ពន្ធមិត្តនិងដៃគូនានានៅក្នុងតំបន់ នេះបើតាមសម្តីមន្ត្រីការទូតជាន់ខ្ពស់អាមេរិកប្រចាំនៅតំបន់អាស៊ីបូព៌ា លោក David Stilwell និយាយឲ្យដឹង។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងនៅអឺរ៉ុបនិងគ្រោងចាកចេញទៅទីក្រុងតូក្យូនាថ្ងៃអាទិត្យនោះ នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា លោកនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសម៉ុងហ្គោល ក្រោយពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានតេស្តរកឃើញឆ្លងជម្ងឺកូវីដ១៩។
លោក David Stilwell តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកបានឃើញការសម្រេចចិត្តធ្វើឡើងដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga ដើម្បីរៀបពិធីទទួលលោក ជាការបញ្ជាក់ជាថ្មីនៃភាពជាដៃគូដ៏រឹងមាំជារៀងរហូត៕
ប្រែសម្រួល៖ប៉ាង កុង

