ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាលថៃ៖ ការធ្វើចត្តាឡីស័ក អាចនឹងកាត់បន្ថយពាក់កណ្តាល សម្រាប់ភ្ញៀវទេសចរ មកពីប្រទេសឆ្លងទាប

បរទេស៖ រយៈពេលនៃដាក់ឱ្យនៅដាច់ដោយឡែក ឬចត្តាឡីស័ក អាចត្រូវបានកាត់បន្ថយពាក់កណ្តាលសម្រាប់ភ្ញៀវទេសចរមកពីប្រទេសដែលមានអត្រាឆ្លងមេរោគ Covid-19 ទាបបំផុត។ នេះបើយោងតាមក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការដាក់ឱ្យនៅដាច់ពីគេរយៈពេល ៧ ថ្ងៃ អាចធ្វើទៅបានក្នុងករណីសម្រាប់តំបន់ដែលមានការឆ្លងទាប។ ប៉ុន្តែវាមិនមានន័យថា យើងនឹងលែងមានការគ្រប់គ្រងបន្ថែមទៀតនោះទេ។ បើយើងធ្វើវាយើងត្រូវតែរៀបចំប្រព័ន្ធដាក់ឱ្យនៅដាច់ពីគ្នារួមជាមួយវិធានការដើម្បីឃ្លាំមើលមនុស្សទាំងនោះ ដើម្បីធានាថា ប្រទេសមានសុវត្ថិភាពពីការផ្ទុះឡើងនៃជំងឺនេះ។ នេះបើតាមការលើកឡើងរបស់លោក Tanarak Plipat អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺ ដែលស្ថិតនៅក្រោមក្រសួង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញ។

លោកបាននិយាយថា ប្រទេសដែលមានអត្រាឆ្លងទាបបំផុតគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងចំនួន ០,២ នាក់ ក្នុងចំណោមភ្ញៀវទេសចរ ១០០ ០០០ នាក់។ រដ្ឋាភិបាលថៃ ក៏ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាកាត់បន្ថយពេលវេលាកំណត់រយៈពេល ១៤ ថ្ងៃសម្រាប់ភ្ញៀវទេសចរមួយចំនួន ដែលចូលមកប្រទេសនេះផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top