ព័ត៌មានអន្តរជាតិ

សារព័ត៌មាន ABC ៖ អ្នកនិពន្ធអូស្ត្រាលី ដើមកំណើតចិន ត្រូវបានចោទប្រកាន់ពីបទ យកការណ៍ឱ្យចិន ក្រោយឃុំខ្លួនអស់រយៈ ពេលជិត ២ ឆ្នាំ

បរទេស៖ អ្នកនិពន្ធអូស្ត្រាលី ដើមកំណើតចិន និងជាអ្នកអត្ថាធិប្បាយ នយោបាយគាំទ្រ លទ្ធិប្រជាធិបតេយ្យ គឺលោក Yang Hengjun ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទចារកម្ម ឱ្យប្រទេសចិន បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជិត ២ ឆ្នាំ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន ABC។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មេធាវីរបស់លោក Yang គឺលោក Shang Baojun បានប្រាប់អ្នកយកព័ត៌មានថា លោក Yang ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ។ មេធាវីរូបនេះបានបដិសេធមិនផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតទេ ដោយនិយាយថា គាត់ត្រូវបានហាមឃាត់យ៉ាងតឹងរឹង មិនឱ្យសម្ភាសជាមួយសារព័ត៌មានបរទេស។

ភរិយារបស់ Yang បានប្រាប់ ABC ថា ប្តីរបស់លោកស្រី បដិសេធអ្វីៗទាំងអស់ ដោយចាត់ទុកវាជាការធ្វើទុក្ខបុកម្នេញ ខាងនយោបាយ និងត្អូញត្អែរអំពី“ ការធ្វើបាបផ្លូវចិត្ត” បន្ទាប់ពី“ ការស្នាក់នៅរយៈពេល ៦ ខែស្ថិតក្រោមការឃ្លាំមើល” ។

ភរិយារបស់លោក Yang បានពន្យល់ថា “គាត់ត្រូវបានចោទប្រកាន់ជាផ្លូវការ ទៅតុលាការហើយស្របតាមការណែនាំ ស្តីពីការចោទប្រកាន់នេះ អាជ្ញាធរបានចុះបញ្ជីនូវឧក្រិដ្ឋកម្មចំនួន ៥ ទោះយ៉ាងណា ដោយសារតែកិច្ចព្រមព្រៀងរក្សាការសម្ងាត់ មេធាវីមិនអាចបង្ហាញព័ត៌មានលំអិតបានទេ” ។

សូមជម្រាបថា លោក Yang ត្រូវបានឃុំខ្លួននៅខែមករាឆ្នាំ ២០១៩ នៅពេលដែលលោកបានមកដល់ប្រទេសចិន ដោយសារតែបញ្ហាទិដ្ឋាការ។ បុរសវ័យ ៥៥ ឆ្នាំដែលត្រូវបានគេនិយាយថា ជាអតីតបុគ្គលិកក្រសួងការបរទេសចិន មានសញ្ជាតិអូស្ត្រាលី។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុតម៉ូរីសុន ធ្លាប់បាននិយាយរួចហើយថា អូស្រ្តាលីកំពុងជំរុញឱ្យមានដំណើរការ ប្រកបដោយតម្លាភាពយុត្តិធម៌ និងយុត្តិធម៌ក្នុងករណីនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top