ព័ត៌មានអន្តរជាតិ

តួកគីនឹងធ្វើការស្ទង់មើលការរញ្ជួយដី នៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត

បរទេស៖កងទ័ពជើងទឹករបស់ប្រទេសតួកគី នៅពេលថ្មីៗនេះ បានចេញសេចក្តីណែនាំមួយ ដោយនិយាយថា នាវតួកគី Oruc Reis នឹងធ្វើការស្ទង់មើលការរញ្ជួយដី នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ក្នុងពេល១០ថ្ងៃក្រោយទៀត ហើយនេះគឺជាវិធានការមួយ ដែលទំនងជាបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសក្រិក។ 

សេចក្តីជូនដំណឹងផ្នែកដែនសមុទ្រ តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាពីរគ្រឿងផ្សេងទៀត គឺនាវា Ataman និងនាវា Cengiz Han រួមជាមួយនាវារុករក Oruc Reis នឹងបន្តការងារនៅក្នុងតំបន់ ដែលរួមបញ្ចូលទាំងតំបន់នៅភាគខាងត្បូងកោះក្រិកឈ្មោះ Kastellorizo រហូតដល់ថ្ងៃទី២២ ខែតុលា។ 

គួរបញ្ជាក់ថា ប្រទេសតួកគីនិងប្រទេសក្រិក មានការខ្វែងគំនិតគ្នាជុំវិញការអះអាងកម្មសិទ្ធិត្រួតស៊ីគ្នា សម្រាប់ធនធានអ៊ីដ្រូកាបូននៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសក្រិកនិងតួកគី តាមសេចក្តីរាយការណ៍ កាលពីសប្ដាហ៍មុននេះ បានជួបគ្នា និងបានព្រមព្រៀងគ្នាប្រារព្ធធ្វើកិច្ចពិភាក្សាទ្វេភាគី ស្តីពីជម្លោះនានា៕ប្រែសម្រួល៖ប៉ាង កុង 

To Top