ព័ត៌មានអន្តរជាតិ

ចិន ខឹងស្របពេល អាមេរិក តែងតាំងប្រសិតសិទ្ធិមនុស្ស សម្រាប់តំបន់ទីបេ

បរទេស៖ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទស្វះស្វែងបង្កអស្ថិរភាពដល់តំបន់ទីបេ ក្រោយរដ្ឋបាលលោក ត្រាំ បានតែងតាំងមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់មួយរូប ជាអ្នកសម្របសម្រួល ពិសេសម្រាប់បញ្ហាតំបន់ទីបេ។

លោក Zhao Lijian ជាមន្ត្រីនាំពាក្យមួយរូបនៅក្រសួងការបរទេសចិន បានមានប្រសាសន៍ដូច្នេះថា “កិច្ចការតំបន់ទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីបរទេសសោះឡើយ ហើយការបង្កើតមន្ត្រីសម្របសម្រួលសម្រាប់បញ្ហានៅទីបេ គឺចេញមកពីឧបាយកលនយោបាយទាំងស្រុង ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបង្កអស្ថិរភាពដល់ទីបេ។ ប្រទេសចិនជំទាស់យ៉ាងដាច់ខាតចំពោះរឿងនោះ”។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសថា លោក Robert Destro អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងការងារនោះ នឹងទទួលតំណែងបន្ថែម ដែលទំនេរចាប់តាំងពីពេលចាប់ផ្តើមនៃអាណត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងឆ្នាំ២០១៧មកម៉្លេះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top