ព័ត៌មានអន្តរជាតិ

ក្រសួងបរទេសចិន ប្រកាសប្រឈមមុខ ទៅនឹងទណ្ឌកម្មរបស់អាមេរិក

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេសចិនធ្វើសេចក្តីប្រកាស ប្តេជ្ញាចិត្តមួយក្នុងការ អនុវត្តវិធានការណ៍ផ្ទាល់ខ្លួន ជាការឆ្លើយតបទៅនឹង សហរដ្ឋអាមេរិកដែលបានចោទប្រកាន់ ក្រុមមន្ត្រីរបស់ហុងកុង និងមន្ត្រីចិនដីគោកថា បានធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាព របស់ទីក្រុងជាមួយនឹងការអនុម័តច្បាប់ សន្តិសុខជាតិដ៏ចម្រូងចម្រាសមួយ កាលពីរដូវក្តៅកន្លងមក។

ការប្រកាសនេះធ្វើឡើងនៅក្រោយ ពេលដែលក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធបានប្រកាសឈ្មោះ មន្រ្តីហុងកុងនិងចិនដីគោកចំនួន ១០ នាក់រួមទាំងនាយកប្រតិបត្តិ Carrie Lam Cheng Yuet-ngor ថាបានធ្វើឲ្យបរាជ័យនូវកាតព្វ របស់សាធារណរដ្ឋប្រជាមានិតចិន ក្រោមសេចក្តីប្រកាសរួមជាមួយរដ្ឋាភិបាល អង់គ្លេសមុនការប្រគល់ទីក្រុងក្នុងឆ្នាំ ១៩៩៧ និងក្រោមច្បាប់មូលដ្ឋាន រដ្ឋធម្មនុញ្ញខ្នាតតូចរបស់ទីក្រុងផង។

អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃព្រហស្បតិ៍ថា បញ្ហាហុងកុងគឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនសុទ្ធសាធ ហើយគ្មានប្រទេសណាមួយ ដែលមានសិទ្ធិធ្វើសុន្ទរកថា ដោយគ្មានហេតុផលនិងជ្រៀតជ្រែក ចូលក្នុងបញ្ហានេះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top