ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនមនុស្ស ៩នាក់ ពាក់ព័ន្ធនឹងករណី ចាក់សម្លាប់គ្នានៅជាយក្រុងប៉ារីស

បរទេស៖ នៅថ្ងៃសៅរ៍នេះ វិទ្យុបារាំង បានរាយការណ៍ ថាមនុស្សប្រាំបួននាក់ ត្រូវបានឃុំខ្លួនដោយសង្ស័យថា មានការពាក់ព័ន្ធនឹងការវាយប្រហារ ដោយកាំបិតដ៏សាហាវ ទៅលើគ្រូម្នាក់ នៅភាគពាយ័ព្យនៃក្រុងប៉ារីសខណៈ ដែលក្រុមអ្នកស៊ើបអង្កេតពិនិត្យមើល ថាតើជនល្មើសបានធ្វើតែម្នាក់ឯង ឬមានអ្នកសមគំនិតផ្សេងទៀត។

ក្នុងនោះផងដែរមនុស្ស ៤ នាក់ ដែលពាក់ព័ន្ធជាមួយនឹង ឧក្រិដ្ឋជន ដែលមានទាំង ឪពុកម្តាយជីតានិងប្អូនប្រុសអាយុ ១៧ ឆ្នាំ ត្រូវបានចាប់ខ្លួន នៅភាគខាងជើងប្រទេសបារាំងចម្ងាយ ១០០ គីឡូម៉ែត្រ ពីទីតាំងវាយប្រហារ។ មនុស្ស ៥ នាក់ផ្សេងទៀត រួមទាំងឪពុកម្តាយរបស់សិស្សម្នាក់ ក៏ត្រូវបាននាំយកមកសួរនាំ អំពីការវាយប្រហារនេះដែរ។

គួរឲ្យដឹងដែរថា ឧក្រិដ្ឋជនត្រូវបានគេជឿជាក់ថា មានអាយុ១៨ឆ្នាំ ដែលមានប្រភពមកពីតំបន់ Chechen ប៉ុន្តែមិនទាន់ត្រូវបានផ្តល់ព័ត៌មានលំអិត ពីអត្តសញ្ញាណនៅឡើយ។ ក្នុងពេលកើតហេតុបុរសរូបនេះ បានដើរចូលទៅវាយប្រហារ ដោយស្រែកនូវពាក្យ Allahu Akbar ឬមានន័យថា God is Greatest មុនពេលដែលក្រោយមកគាត់ ត្រូវបានប៉ូលិសបាញ់សម្លាប់ ដោយសារតែមិនព្រមចុះចូល តាមសម្រួល៕

ប្រែសម្រួល៖ស៊ុនលី

To Top