ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ ដោយសារទឹកជំនន់ នៅវៀតណាម កើនឡើងដល់ ៨៨នាក់

បរទេស៖ យ៉ាងហោចណាស់មនុស្ស ៨៨ នាក់ បានស្លាប់ ហើយប្រហែល ៥៣.០០០ គ្រួសារ ត្រូវបានជម្លៀសចេញនៅព្រឹកថ្ងៃច័ន្ទ ដោយសារទឹកជំនន់និងការបាក់ដី នៅភាគកណ្តាលប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អស់រយៈពេលជិតពីរសប្តាហ៍មកហើយ តំបន់នេះបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី ។

គណៈកម្មាធិការដឹកនាំគ្រោះ មហន្តរាយធម្មជាតិ បាននិយាយថា តំបន់ខ្ពង់រាបកណ្តាល និងភាគកណ្តាលត្រូវបានបំផ្លិចបំផ្លាញ ដោយមានផ្លូវជាតិចំនួន ១២ និងផ្លូវថ្នល់ក្នុងស្រុកជាង ១៧.៤ គីឡូម៉ែត្រត្រូវបានខូចខាតធ្ងន់ធ្ងរបំផុត នៅខេត្ត Thua Thien-Hue ខេត្ត Quang Tri និងខេត្ត Quang Nam ។

នៅខេត្តហាទីញ ផ្ទះរាប់រយខ្នង ត្រូវបានជន់លិច ហើយហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃសុក្រ ។ នៅស្រុក Can Loc អាជ្ញាធរ បានរកឃើញសាកសពមនុស្សម្នាក់ កាលពីរសៀលថ្ងៃអាទិត្យ ដែលត្រូវបានទឹកហូរនាំយកទៅ នៅឃុំ Thien Loc កាលពីថ្ងៃសុក្រ៕
ប្រែសម្រួលៈ ណៃ តុលា

To Top