ព័ត៌មានអន្តរជាតិ

វិភាគ: ចិនចង់អោយលោក ត្រាំ ឈ្នះឆ្នោត ព្រោះអាចជួយទាញដៃ ចិនអោយឈោងចាប់យកពិភពលោក ទាំងមូលបាន

បច្ចុប្បន្នភាព

លោកស្រី ជូ ជីឈុន (Zhu Zhiqun) សាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យ Bucknell សហរដ្ឋអាមេរិក បាននិយាយថា មេដឹកនាំរបស់ប្រទេសចិន ចង់អោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្នុងអាណត្តិទី២នៅឆ្នាំ២០២០នេះ ដោយសារលោក ត្រាំ នឹងជួយពង្រីកឥទ្ធិពលចិនលើឆាកអន្តរជាតិកាន់តែខ្លាំងថែមទៀត ។

រយៈពេល៤ឆ្នាំកន្លងមកនេះ ក្នុងអាណត្តិទី១របស់លោក ដូណាល់ ត្រាំ ប្រទេសចិនបានសម្លឹងឃើញច្បាស់ណាស់នូវឱកាសល្អបំផុតសម្រាប់ខ្លួន ក្នុងការច្បាមចាប់យកពិភពលោកទាំងមូលពីដៃសហរដ្ឋអាមេរិក ទាំងផ្នែកការទូត នយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដោយសារលោក ត្រាំ បានជួយទាញដៃចិនបន្ថែមទៀត ។

លោកស្រី ជូ ជីឈុន បានបន្ថែមថា ប្រសិនបើលោក ត្រាំ កាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមួយអាណត្តិរយៈពេល៤ឆ្នាំទៅមុខទៀត ភាពជាអ្នកដឹកនាំពិភពលោករបស់ប្រទេសចិន នឹងកាន់តែរីកធំឡើងទ្វេដង ទាំងសកលភាវូបនិយកម្ម ទាំងពហុភាគីនិយម និងទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

មូលហេតុដែលនាំអោយឥទ្ធិពលរបស់ប្រទេសចិន រីកធំកាន់តែខ្លាំងលើឆាកអន្តរជាតិ គឺដោយសារលោក ដូណាល់ ត្រាំ បានប្រកាន់យកគោលនយោបាយ គិតអាមេរិកជាអាទិភាព (America First) ដែលគិតតែពីផលប្រយោជន៍អាមេរិក ដោយមិនខ្វល់ពីផលប៉ះពាល់ដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ។

ដោយសារតែខ្លាចខាតប្រយោជន៍អាមេរិក លោក ត្រាំ បានបញ្ឆេះអោយមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសស្ទើរគ្រប់តំបន់នៅជុំវិញពិភពលោក មានប្រទេសចិន និងប្រទេសជាសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួននៅអាស៊ី អាមេរិកឡាទីន និងតំបន់អឺរ៉ុប ដែលបំផ្លាញដល់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសជាដៃគូលើឆាកអន្តរជាតិ ។

ខណៈដែលប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានទទួលរងផលប៉ះពាល់ និងអាក់អន់ចិត្តនឹងនយោបាយរបស់លោក ត្រាំ ប្រទេសចិនចាប់ផ្តើមទៅលួងលោម ដោយអោយប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងព្យាយាមពង្រឹងទំនាក់ទំនងការទូតអោយកាន់តែជិតស្និទ្ធ ខណៈដែលសហរដ្ឋអាមេរិកបានឃ្លានឆ្ងាយបន្តិចដោយសារលោក ត្រាំ ។

ទោះបីជាប្រទេសចិនបានទទួលផលចំណេញ និងមានឱកាសពង្រីកឥទ្ធិពលកាន់ខ្លាំងនៅលើពិភពលោកដោយសារលោក ត្រាំ ក៏ដោយ ក៏ចិនបានជួបបញ្ហាច្រើនណាស់ដែរក្នុងរយៈពេល៤ឆ្នាំក្នុងអាណត្តិទី១របស់លោក ត្រាំ ដែរ ហើយមិនមែនតែចិនទេដែលជួបបញ្ហា គឺមានប្រទេសជាសម្ព័ន្ធមិត្ត និងស្ថាប័នអន្តរជាតិធំៗជាច្រើនបានជួបបញ្ហា ។

ជាក់ស្តែង បានចូលកាន់តំណែងត្រឹមតែ៣ថ្ងៃ លោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក និងក្រោយមកទៀត ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុ និងដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក ខណៈដែលវីរុសCovid-19 កំពុងឆ្លងរាតត្បាតពាសពេញពិភពលោក និងអាមេរិកផងដែរ ។

នៅកន្លែងណាដែលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ បានដកខ្លួនចេញ ប្រទេសចិនរបស់លោក ស៊ី ជីនពីង បានបោះជំហានទៅចាប់យក ហើយលោកស៊ី ជីនពីង បានឆ្លៀតយកឱកាសនេះបង្ហាញថា ប្រទេសចិន ប្រកាន់យកពាណិជ្ជកម្មសេរី និងជាអ្នកដឹកនាំគេក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ និងវីរុសCovid-19ជាដើម ។

អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ បាននិយាយថា ប្រសិនបើលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតក្នុងអាណត្តិទី២នៅឆ្នាំ២០២០នេះ លោក ត្រាំ នឹងផ្តល់ឱកាសបន្ថែមទៀតដល់ប្រទេសចិន ក្នុងការឈោងចាប់យកឥទ្ធិពលកាន់តែខ្លាំងនៅក្នុងស្ថាប័នធំៗនៅជុំវិញពិភពលោក រួមទាំងពង្រីកឥទ្ធិពលលើប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ ដូចជាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ដែលកំពុងមានចិត្តថ្នាក់ថ្នាក់ និងមិនពេញចិត្តនឹងនយោបាយអាមេរិកនិយមរបស់លោក ត្រាំ ស្រាប ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសចិន ចង់ក្តោបក្តាប់អំណាច និងពង្រីកឥទ្ធិពលរបស់ខ្លួននៅលើពិភពលោកជំនួសសហរដ្ឋអាមេរិក គឺដោយសារចិន ក៏ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២នៅលើពិភពលោកបន្ទាប់ពីអាមេរិកដែរ ហើយក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ចិនក៏កំពុងពង្រីកឥទ្ធិពលបានខ្លាំងក្លាណាស់ដែរ ។

ដើម្បីទប់ទល់ឥទ្ធិពលរបស់ប្រទេសចិនលើឆាកអន្តរជាតិ លោក ដូណាល់ ត្រាំ បានចាប់ផ្តើមសកម្មភាពធំៗជាច្រើនប្រឆាំងទល់នឹងទីក្រុងប៉េកាំង ក្រោយពីប្រធានាធិបតីអាមេរិករូបនេះ បានឡើងកាន់តំណែងកាលពីឆ្នាំ២០១៧ មានតាំងពីសង្គ្រាមពាណិជ្ជកម្មដែលបានធ្វើឲ្យចិនខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ។

ប្រទេសចិនមិនត្រឹមតែបានទទួលរងផលប៉ះពាល់ផ្នែកពាណិជ្ជកម្មជាមួយអាមេរិកទេ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់ប្រទេសចិន ក៏បានទទួលរងផលប៉ះពាល់ និងជួបប្រទះភាពរអាក់រអួលដើរលែងរលូនល្អទៅមុខដែរ ហើយសូម្បីតែការផ្ទុះឡើងនៃវីរុសCovid-19 ក៏លោក ត្រាំ បានស្តីបន្ទោសលើចិន និងដាក់សម្ពាធអោយចិនទទួលខុសត្រូវដែរ ។

ទន្ទឹមនឹងបានទទួលរងផលប៉ះពាល់ និងជួបការលំបាកដោយសារលោក ដូណាល់ ត្រាំ ប្រទេសចិនក៏បានទទួលផលចំណេញមិនស្ទើរដែរនៅលើឆាកអន្តរជាតិ ទាំងផ្នែកការទូត នយោបាយ ពាណិជ្ជកម្ម និងប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលនៅពេលបច្ចុប្បន្ននេះ ចិនជាប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានប្រព័ន្ធបច្ចេកវិទ្យាឈានមុខគេ ដោយចិនបានអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) ឡើង និងបានលក់ប្រព័ន្ធបច្ចេកវិទ្យា 5G នៅទូទាំងពិភពលោក ៕

អ៊ី ជិន

To Top