ព័ត៌មានអន្តរជាតិ

មុនពេលព្យុះ ម៉ូឡាវ មកដល់ វៀតណាមត្រៀមជម្លៀស អ្នករស់នៅតាមឆ្នេរចំនួន ១,២ លាននាក់ ទៅកាន់ទីសុវត្ថិភាព

បរទេស៖ ជាមួយនឹងព្យុះម៉ូឡាវ នឹងធ្វើឱ្យមានការបាក់ដី នៅកណ្តាលប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត អាជ្ញាធរវៀតណាម កំពុងត្រៀមជម្លៀស អ្នករស់នៅតាមឆ្នេរចំនួន ១,២ លាននាក់ ទៅកាន់ទីសុវត្ថិភាព។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម បានឱ្យដឹងថា នៅម៉ោង ១ រសៀល ថ្ងៃច័ន្ទ ព្យុះនេះស្ថិតនៅចំកណ្តាលចម្ងាយ ៥៦០ គីឡូម៉ែត្រ ពីភាគខាងកើត ឈៀងឦសាននៃកោះ Cay ជាមួយកម្លាំងខ្យល់បោកបក់ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្នុងរយៈពេល ២៤ ម៉ោងទៀត ព្យុះនឹងធ្វើដំណើរទៅទិសខាងលិច ក្នុងល្បឿន ២០-២៥ គីឡូម៉ែត្រ ហើយកាន់តែខ្លាំងឡើង ៗ ។ នៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃអង្គារនេះ ព្យុះនឹងមានចម្ងាយ ២៨០ គីឡូម៉ែត្រទៅភាគខាងជើង ឈៀងខាងលិច កោះ Cay ជាមួយនឹងខ្យល់បក់ដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក Mai Van Khiem នាយកមជ្ឈមណ្ឌលព្យាករណ៍ជាតិ បាននិយាយនៅក្នុងកិច្ចប្រជុំ នៅថ្ងៃច័ន្ទថា ទាំងទីភ្នាក់ងារនិងសមភាគីជប៉ុន បានព្យាករណ៍ថា ព្យុះដែលបក់ខ្លាំង នឹងធ្វើឱ្យមានការបាក់ដី នៅកណ្តាលក្វាងណាម ក្វាងង៉ៃ និងខេត្ត ប៊ិញឌិញ។ ទីភ្នាក់ងារព្យាករណ៍ថា ព្យុះនេះនឹងទៅដល់ ឆ្នេរសមុទ្រវៀតណាម នៅព្រឹកថ្ងៃពុធ៕ ប្រែសម្រួលៈ ណៃ តុលា

To Top