ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Molave សម្លាប់ពលរដ្ឋវៀតណាមអស់២៧នាក់ និងបាត់ខ្លួន៥០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា គណៈកម្មាធិការកណ្តាលត្រួតពិនិត្យ និងទប់ស្កាត់គ្រោះមហន្តរាយជាតិ របស់ប្រទេស វៀតណាម បានឲ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដ៏អាក្រក់ដែលកើតឡើងដោយសារព្យុះ ទីហ្វុង Molave នៅតំបន់ភាគខ្ពស់រាប និងភាគកណ្តាលនៃប្រទេស វៀតណាម បានសម្លាប់ពលរដ្ឋអស់២៧នាក់ និង៥០នាក់កំពុបាត់ខ្លួន និង៦៧នាក់បានរងរបួស គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ។

គណៈកម្មាធិការបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងពី២៣នាក់ ដែលបានរាយការណ៍កាលពីថ្ងៃសុក្រ ហើយត្រូវបានគេរាយការណ៍មកនៅខេត្ត Quang Nam, Nghe An, Dak Lak និង Gia Lai ទន្ទឹមនឹងនេះដែរ មានអ្នកកំពុងបាត់ខ្លួន និងរងរបួស ត្រូវបានគេរាយការណ៍ឲ្យដឹងនៅខេត្ត Quang Nam និង Binh Dinh ។

គណៈកម្មាធិការដដែលនេះបានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បានបំផ្លាញស្ពានចំនួន៦៣កន្លែង នៅតាមបណ្តោយផ្លូវធំៗ និងផ្លូវក្នុងតំបន់ ។

ព្យុះ Molave បានមកដល់តំបន់មួយចំនួននៃតំបន់ភូមិភាគកណ្តាលរបស់ប្រទេសវៀតណាម កាលពីថ្ងៃពុធ ដែលនាំមកនូវភ្លៀងធ្លាក់ចុះយ៉ាងគំហុក និងមានខ្យល់បោកបក់ខ្លាំង ។ គណៈកម្មាធិការបានបញ្ជាក់ឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top