ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ស្វះស្វែង រកសម្ពន្ធភាព អវកាសដើម្បីការពារ មហិច្ឆតាអាមេរិកនិងចិន

បរទេស ៖ មន្ត្រីអឺរ៉ុបមួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា សហភាពអឺរ៉ុប នឹងបង្កើតយុទ្ធសាស្ត្រ អវកាសអឺរ៉ុបកាន់តែខ្លាំងឡើង ដើម្បីទប់ទល់ការរុញច្រាន ចេញដោយបច្ចេកវិទ្យាបាញ់ បង្ហោះរបស់អាមេរិកនិងចិន តាមរយៈការបង្កើតសម្ពន្ធភាពអឺរ៉ុប ជាមួយឧស្សាហកម្ម នៅក្នុងឆ្នាំនេះ ។

ឧត្តមស្នងការអឺរ៉ុប លោក Thierry Breton បាននិយាយប្រាប់សន្និសីទមួយដូច្នេះថា “យើងត្រូវតែសួរខ្លួនឯងថា តើវិធីសាស្ត្របច្ចុប្បន្នរបស់យើង ធ្វើឲ្យយើងជោគជ័យដល់ឆ្នាំ២០៥០ដែរឬទេ ដោយពិចារណាដល់ការរំខានក្នុងវិស័យ ដែលយើងទាំងអស់គ្នា តាមដានអង្កេតមើល? ខ្ញុំមានការសង្ស័យជាខ្លាំងចំពោះវា ហើយខ្ញុំជឿថា យើងត្រូវការយុទ្ធសាស្ត្រវាយលុកនិងកាន់តែខ្លាំងក្លាមួយ”។

“ដូច្នេះ នៅក្នុងខែក្រោយ ខ្ញុំនឹងជួបជុំអ្នកពាក់ ព័ន្ធទាំងអស់ ដើម្បីបង្កើតសម្ពន្ធភាពនៃប្រព័ន្ធបាញ់បង្ហោះរបស់អឺរ៉ុប ដើម្បីអាចរួមគ្នាផ្តល់និយមន័យ ដល់ផែនការទិសដៅរួមមួយ សម្រាប់ប្រព័ន្ធបាញ់បង្ហោះជំនាន់ថ្មី និងបច្ចេកវិទ្យាពាក់ព័ន្ធនានា ដើម្បីធានាដល់ស្វយភាពចូលទៅកាន់អវកាស”។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនទសវត្សកន្លងទៅ អឺរ៉ុបបានស្វះស្វែងបង្កើតការចូលទៅកាន់លំហអាកាស ឯករាជ្យពីអ្នកត្រួសត្រាយផ្លូវអាមេរិកនិងរុស្ស៊ី ដើម្បីជួយដល់វិស័យឧស្សាហកម្មរបស់ខ្លួន ជាមួយភាពជោគជ័យនានា ដូចជារ៉ុកកែត Ariane ជាដើម៕
ប្រែសម្រួល៖ប៉ាង កុង

To Top