ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិចារណា បញ្ចេញភស្ដុតាង វីរុសកូវីដ១៩ ចេញពីមន្ទីរពិសោធន៍ នៅទីក្រុង Wuhan មុនពេលលោក ត្រាំ ចាកចេញពីតំណែង

បរទេស៖ រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានបង្ហើរទ្រឹស្តីម្តង ហើយម្តងទៀតថា វីរុសកូរ៉ូណាត្រូវបានគេបង្កើតឡើង ទោះបីមានអ្នកវិទ្យាសាស្ត្រ នៅជុំវិញពិភពលោក ប្រកាន់ខ្ជាប់នូវទ្រឹស្តីដែលថា វីរុសនេះលេចចេញមក ដោយធម្មជាតិក៏ដោយ ។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានអះអាងថា អាមេរិកមានភស្តុតាងបញ្ជាក់ថា វីរុសគឺចេញពីបន្ទប់ ពិសោធន៍មួយនៅទីក្រុង Wuhan ប្រទេសចិន ។ តើវាអាចទៅរួចទេ ដែលយើងអាចឃើញភស្តុតាងផ្ទុះនោះ?

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត The Sun បានដកស្រង់សំដីប្រភពការទូត អនាមិកមួយថា ក្រសួងការបរទេស សហរដ្ឋអាមេរិកអាច បង្ហាញភស្តុតាងនៅក្នុងថ្ងៃចុងក្រោយ នៃរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលថា មេរោគកូវីដ១៩ មានប្រភពចេញពីមន្ទីរពិសោធន៍ នៅវិទ្យាស្ថាន Virology ទីក្រុង Wuhan ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា “ អ្វីៗអាចនឹងកើតឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ” និងបង្ហាញភស្តុតាង ដែលសន្មតថាវីរុសនោះមាន ប្រភពចេញពីមន្ទីរពិសោធន៍។ ប្រភពបាននិយាយថា ភស្តុតាងដែលត្រូវបានចោទប្រកាន់ អាចបង្ហាញពីការជាប់ទាក់ទង រវាងអ្នកវិទ្យាសាស្ត្រនិងកងទ័ពចិន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top