ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ នៅប្រទេសថៃ កើនដល់ ៧១នាក់ បន្ទាប់ពីស្រ្តីអ្នកបើក រថយន្តដឹកកម្មករ មីយ៉ាន់ម៉ា បានស្លាប់កាលពីថ្ងៃច័ន្ទ

បរទេស៖ នៅថ្ងៃពុធ រដ្ឋាភិបាល បានរាយការណ៍អំពីការ ស្លាប់ដោយសារមេរោគកូវីដ១៩ ចំនួនម្នាក់ទៀត ដែលនាំឱ្យអ្នកស្លាប់ ដោយសារមេរោគនេះ កើនឡើងដល់ ៧១ នាក់ និង បានរកឃើញអ្នកឆ្លងមេរោគថ្មីចំនួន៥៩ នាក់ទៀត ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ មាន ៥១នាក់ និងករណីនាំចូល ៨នាក់ ដូច្នេះ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅប្រទេសថៃ សរុបកើនឡើងដល់ ១២ ៦៥៣ នាក់។

យោងតាមតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Apisamai Srirangsan ជំនួយការអ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងរដ្ឋបាល ស្ថានភាពកូវីដ១៩ថា អ្នកស្លាប់គឺជាស្ត្រីជនជាតិថៃ អាយុ៤៨ឆ្នាំ ដែលបានបើកឡានដឹកកម្មករ មីយ៉ាន់ម៉ា នៅឯច្រកទ្វារព្រំដែន សាផានសុង ក្នុងស្រុក មែសុត ខេត្តតាក ។

ក្នុងចំណោមករណីឆ្លងទាំងអស់ ១២ ៦៥៣ ករណី គឺមានអ្នកជំងឺចំនួន ៩ ៦២១ (៧៦%) ត្រូវបានព្យាបាលឱ្យជាសះស្បើយ អ្នកជំងឺចំនួន ២ ៩៦១ នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមាន ១០ នាក់ ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top