ព័ត៌មានអន្តរជាតិ

ពលរដ្ឋឥណ្ឌា ជិត១លាននាក់ បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ រួចរាល់ហើយ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា មន្ត្រីជាន់ខ្ពស់មួយរូប មកពីក្រសួងសុខាភិបាល សហព័ន្ធថា ពលរដ្ឋជិត១លាននាក់ បានទទួលការចាក់វ៉ាក់សាំង ប្រឆំាងនឹងជំងឺកូវីដ១៩ រួចរាល់ហើយ នៅក្នុងប្រទេសឥណ្ឌា គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ។

លោក Manohar Agnani រដ្ឋលេខាធិការសុខាភិបាល បានប្រាប់ដល់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន យ៉ាងដូច្នេះថា “រហូតដល់ល្ងាចថ្ងៃទី២១ ខែមករា សរុបទៅមានអ្នកទទួល បានការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ នៅទូទាំងប្រទេស បានចំនួន៩៩៩.០៦៥នាក់ ដែលចំនួនសរុបនៅសេសសល់នោះ គឺមានចំនួន១៨.១៥៩នាក់ទៀត ដែលត្រូវទទួលបាន ការចាក់វ៉ាក់សាំង” ។

យោងតាមការលើកឡើង របស់គាត់បានឲ្យដឹងថា សម្រាប់ថ្ងៃព្រហស្បតិ៍ គឺមានអ្នកទទួលបានការចាក់វ៉ាក់សាំង ចំនួន១៩២.៥៨១នាក់ ។

គួរបញ្ជាក់ថា ដំណើរការនៃការចាក់វ៉ាក់សាំង បានចាប់ផ្តើមនៅក្នុងប្រទេស កាលពីថ្ងៃសៅរ៍ ។ ក្នុងពេលដែលការចាក់វ៉ាក់សាំង បានដំណើរការ ប្រកបដោយភាពល្អប្រសើរ មានវ៉ាក់សាំងចំនួន០២ប្រភេទ ដែលបានចាក់ជូនដល់ពលរដ្ឋ នៅក្នុងប្រទេសឥណ្ឌា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top