ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក អត្តឃាត នៅសូម៉ាលី បណ្តាលឲ្យស្លាប់តិចបំផុត០៥នាក់

ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិស និងសាក្សី បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន០៥នាក់ បានស្លាប់ និងបង្ករបួសមួយចំនួន នៅក្នុងពេលបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅលើរថយន្ត នៅរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃអាទិត្យ ។

ការវាយប្រហារចុងក្រោយនេះ បានចាប់ផ្តើមនៅម៉ោង៥និង០០នាទីល្ងាច នៅគ្រាដែលមានរថយន្តមួយគ្រឿងត្រូវបានដឹងថា ផ្ទុះឆេះ នៅឯសណ្ឋាគារ Afrik Hotel នៅជិតច្រកត្រួតពិនិត្យដ៏មមាញឹកមួយ នោជិតព្រលានយន្តហោះអន្តរជាតិ Aden Adde នៅក្រុង Mogadishu ។

មន្ត្រីប៉ូលិសមួយរូបបានស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ដល់ស៊ិនហួថា ក្រុមឧទ្ទាម al-Shabab បានបើកការវាយប្រហារនៅក្នុងសណ្ឋាគារ បន្ទាប់ពីមានការបំផ្ទុះជាលើកដំបូង នៅខាងក្រៅសណ្ឋាគារ ។

មន្ត្រីប៉ូលិសបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ថា “ខ្ញុំអាចបញ្ជាក់ថា ពលរដ្ឋចំនួន០៥នាក់បានស្លាប់ នៅក្នុងពេលវាយប្រហារ ប៉ុន្តែផ្តល់ព័ត៌មានលម្អិតនៅពេលក្រោយ” ។

គេបានដឹងថា ក្រុមឧទ្ទាម Al-Shahab តែងតែបើកការវាយប្រហារ មកលើក្រុមអន្តរជាតិ ដែលគាំទ្រដល់រដ្ឋាភិបាល បានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារ ចុងក្រោយនេះ តាមប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានរបស់ខ្លួន ដោយបាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានដាក់គោលដៅទៅលើមន្ត្រីរដ្ឋាភិបាល ដែលជាអ្នកចូលរួមប្រជុំ នៅក្នុងសាលប្រជុំនៅទីនោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top