ម៉ូស្គូ៖ ក្រុមឃ្លាំមើលការតវ៉ារបស់ OVD-info បានឲ្យដឹងថា ប៉ូលីសរុស្ស៊ី បានឃុំខ្លួនមនុស្សជាង ២០០០ នាក់នៅក្នុងការប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ នៅទូទាំងប្រទេស ដែលអំពាវនាវឱ្យមានការដោះលែងអ្នកទោសវិមានក្រឹមឡាំង និងជាអ្នករិះគន់ប្រឆាំងរដ្ឋាភិបាលលោក Alexei Navalny ។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ប៉ូលីសនៅទីក្រុងមូស្គូ បានចាក់សោរកណ្តាលទីក្រុង មុនការធ្វើបាតុកម្ម ដែលបានគ្រោងទុកនៅក្នុងរដ្ឋធានី ហើយជាលទ្ធផលមានមនុស្សប្រមាណជាង ២០០០នាក់ត្រូវបានចាប់ឃុំខ្លួន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ការតវ៉ាមិនត្រូវបានអនុញ្ញាតិនោះទេ ហើយនឹងត្រូវបំបែកគ្នា ដូចកាលពីចុងសប្តាហ៍មុន ដោយមានមនុស្សជាង ៤០០០ នាក់ត្រូវបានឃុំខ្លួន នៅឯការជួបជុំនៅថ្ងៃទី២៣ ខែមករា។
លោក Navalny ដែលជាអ្នករិះគន់ដ៏លេចធ្លោលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានប៉ូលីសឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមករា ភ្លាមៗបន្ទាប់ពីលោកបានទៅដល់ទីក្រុងម៉ូស្គូ ពីប្រទេសអាល្លឺម៉ង់ ដែលជាកន្លែងដែលលោកបានធ្វើការព្យាបាលអស់រយៈពេល ៥ ខែ បន្ទាប់ពីការវាយប្រហារដោយថ្នាំពុល ដែលលោកបានស្តីបន្ទោសអាជ្ញាធររុស្ស៊ី។
កាលពីសប្តាហ៍មុនរដ្ឋមន្រ្តីការបរទេសនៃប្រទេសឧស្សាហកម្មទាំង៧ ហៅកាត់ថា G-7 បានរិះគន់ទីក្រុងមូស្គូ ចំពោះការចាប់ខ្លួនលោកអ្នកប្រឆាំងរូបនេះ ហើយបានអំពាវនាវឱ្យមានការដោះលែងមេដឹកនាំប្រឆាំង និងអ្នកគាំទ្ររបស់លោក ដែលត្រូវបានឃុំខ្លួនពីបទធ្វើបាតុកម្មជាបន្ទាន់៕
ដោយ ឈូក បូរ៉ា
