ព័ត៌មានអន្តរជាតិ

គុយបា មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រចំាថ្ងៃលើស ពី១ពាន់នាក់ ជាលើកដំបូង

ហាវ៉ាណា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសគុយបា បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសគុយបា បានកើនឡើងលើសពី១.០០០នាក់ ដែលជាការកើនឡើងលើកដំបូង ចាប់តាំងពីជំងឺឆ្លងរាតកាលពីឆ្នាំមុន ។

ប្រទេសដែនកោះមួយនេះ បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺថ្មី ចំនួន១.០១២នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន០១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់២៦.៦៨៦នាក់ និងស្លាប់ចំនួន២១៤នាក់ ។

ក្រសួងបានឲ្យដឹងទៀតថា តួលេខដែលខ្ពស់បំផុតនេះ ខែមករា ជាខែដែលរងគ្រោះខ្លាំងនៅក្នុងប្រទេសគុយបា ចាប់តាំងពីមានជំងឺឆ្លងរាតត្បាត ដែលមានអ្នកស្លាប់ចំនួន៦៨នាក់ និងអ្នកឆ្លងជំងឺចំនួន១៤.៦៣០នាក់ ដែលបានកត់ត្រា ។

លើសពីនេះ អ្នកដែលមានស្ថានភាពជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន៥.៥៥៨នាក់ និងពលរដ្ឋចំនួន៥០នាក់ទៀតសម្រាកព្យាបាលនៅអង្គភាពថែទាំជំងឺ ។

លោក Francisco Duran នាយកគ្រប់គ្រងផ្នែកអនាម័យ និងជំងឺឆ្លង នៅក្រសួងសុខាភិបាល សាធារណៈ របស់ប្រទេសគុយបា បានអំពាវនាវដល់ពលរដ្ឋ ឲ្យអនុវត្តន៍តាមការណែនាំនូវវិធានការ សុវត្ថិភាព និងរក្សាគម្លាតពីគ្នា ដើម្បីបញ្ចៀសការឆ្លងវីរុស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top