ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង ខណៈចំនួន អ្នកឆ្លងជំងឺប្រចាំថ្ងៃលើសពី៤ពាន់នាក់

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា មន្ត្រីសុខាភិបាលមួយរូបបាននិយាយឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសម៉ាឡេស៊ី នឹងរំពឹងថា នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូងពីក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខ ។

នៅក្នុងខែវិច្ឆិកា ប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានឯកភាពក្នុងការទិញយកវ៉ាក់សាំងចំនួន១២,៨លានកម្រិត ដែលបានរួមសហការគ្នាផលិតឡើងដោយក្រុមហ៊ុនឳសថរបស់សហរដ្ឋអាមេរិក ឈ្មោះថា Pfizer និងក្រុមហ៊ុនដៃគូមកពីអាល្លឺម៉ង់ ឈ្មោះ BioNTech ។

ស្ថិតក្រោមកិច្ចព្រមព្រៀងគ្នានេះដែរ ក្រុមហ៊ុនផលិតឳសថយក្ស នឹងដឹកនាំថ្នាំដែលជាកម្រិតដំបូងចំនួន១លានកម្រិត នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ជាមួយគ្នានេះដែរ ១,៧លានកម្រិត, ៥,៨លានកម្រិត និង៤,៣លានកម្រិត នឹងធ្វើការផ្គត់ផ្គង់នៅក្នុងត្រីមាសជាបន្តបន្ទាប់ ។

ក្នុងពេលនៃការដឹកជញ្ជូនមក វ៉ាក់សាំងដំបូង នឹងត្រូវចែកចាយនៅទូទាំងប្រទេសក្នុងរយៈពេល១ទៅ២សប្តាហ៍ ។ លោក Noor Hisham Abdullah អគ្គនាយកសុខាភិបាលបានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសគ្រប់គ្រងការសង្គ្រោះបន្ទាន់ យ៉ាងដូច្នេះ ៕

To Top