ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយ ដោយសន្តិវិធីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះ កមពុងត្រូវបានគ្រប់គ្រងដោយយោធា។
ក្រសួងបានឲ្យដឹងថា“ យើងសង្ឃឹមថា នឹងមានការដោះស្រាយស្ថានការណ៍ ដោយសន្តិវិធីស្របតាមច្បាប់បច្ចុប្បន្ន តាមរយៈការបន្តការសន្ទនានយោបាយ និងការការពារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពរបស់ប្រទេស” ។
យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងផងដែរថា ប្រទេសរុស្ស៊ី នឹងបន្តឃ្លាំមើលស្ថានការណ៍នេះ ឲ្យបានដិតដល់ ក្រោយពីលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងប្រធានាធិបតី រួមទាំងមន្រ្តីជាន់ខ្ពស់គណបក្ស ជាច្រើនរូបទៀត ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់។
ស្ថានភាពអាសន្នមួយឆ្នាំ ត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទ ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធា បានឃុំខ្លួនមេដឹកនាំនយោបាយ រួមទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីនៃប្រទេសនេះ។
គួរបញ្ជាក់ថា យោធាបានទាមទារ ឱ្យមានការពន្យារពេលសម័យប្រជុំសភាថ្មី ដោយចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើន នៅក្នុងការបោះឆ្នោតទូទៅខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យបានឈ្នះអាសនៈភាគច្រើន នៅក្នុងសភាទាំងពីរ៕ ដោយ៖ ឈូក បូរ៉ា
