ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងកូសូវ៉ូ បង្កើតចំណង មិត្តភាពការទូត

បរទេស ៖ ប្រទេសអ៊ីស្រាអែល និងប្រទេសកូសូវ៉ូ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបង្កើតចំណង មិត្តភាពការទូត តាមរយ់កម្មវិធីអនឡាញ ដោយសារតែវិបត្តិមេរោគ កូរ៉ូណា ក្រោមកិច្ចព្រមព្រៀងសម្របសម្រួល ដោយអាមេរិក ដែលរួមបញ្ចូលទាំងការប្តេជ្ញាធ្វើឡើង ដោយប្រទេសកូសូវ៉ូ ថានឹងបើកស្ថានទូត មួយនៅទីក្រុងយេរូសាឡឹម ។

ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ មើលឃើញចំណងការទូតថ្មី ជាមួយប្រទេសតូចនៅឧបទ្វីប Balkan នេះ ថា ជាផ្នែក នៃការធ្វើឲ្យមានភាពប្រក្រតី របស់ខ្លួនកាន់តែទូលំទូលាយឡើង ជាមួយប្រទេសអារ៉ាប់និងមូស្លីម ក្រោមកិច្ចព្រមព្រៀងគាំទ្រ ដោយអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។

លោក ដូណាល់ ត្រាំ បានប្រកាសចំណងមិត្តភាព របស់ប្រទេសទាំងពីរ នៅក្នុងខែកញ្ញា ជាមួយផ្នែកនៃការដោះស្រាយ ចំពោះកិច្ចព្រមព្រៀង សេដ្ឋកិច្ច រវាងកូសូវ៉ូនិងស៊ែប៊ី ហើយដោយជាផ្នែក នៃកិច្ចព្រមព្រៀងនោះ ស៊ែប៊ី ដែលមានចំណងមិត្តភាពជាមួយ អ៊ីស្រាអែល ក៏បានយល់ព្រមបើកស្ថានទូតឡើងវិញ នៅក្នុងទីក្រុងយេរូសាឡឹមផងដែរ ។

នៅក្នុងអំឡុងពិធីចុះហត្ថលេខាតាមសន្និសីទ លើវីដេអូខលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gabi Ashkenazi បានមានប្រសាសន៍ថា ចំណងមិត្តភាពថ្មីនេះ គឺជារឿងប្រវត្តិសាស្ត្រ និងបង្ហាញឲ្យឃើញនូវការផ្លាស់ប្តូរ មួយក្នុងតំបន់ និងក្នុងចំណងមិត្តភាព នៃពិភពអារ៉ាប់និងមូស្លីម ជាមួយអ៊ីស្រាអែល ៕
ប្រែសម្រួល៖ប៉ាង កុង

To Top