ព័ត៌មានអន្តរជាតិ

អាមេរិក ដូចជាមិនបានផ្លាស់ប្ដូរ យុទ្ធសាស្រ្តក្នុងការ លុបបំបាត់ អាវុធនុយក្លអ៊ែរ កូរ៉េខាងជើង 

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងពិចារណាទាំងការដាក់ទណ្ឌកម្ម និងការលើកទឹកចិត្ត ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង ដែលទាំងនេះដូចជាមិនបានផ្លាស់ប្ដូរយុទ្ធសាស្រ្ត ដែលត្រូវបានប្រើនាពេលកន្លងមកឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍អាមេរិក NBC រដ្ឋលេខាធិការថ្មីរូបនេះបានលើកឡើងថា ប្រធានាធិបតីលោក ចូ បៃដិន បានស្នើឱ្យក្រុមសន្តិសុខជាតិរបស់លោក ពិនិត្យឡើងវិញនូវគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសកូរ៉េខាងជើង នៅទូទាំងក្រុមប្រឹក្សា ដើម្បីរកវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។

លោក Blinken បានលើកឡើងថា រដ្ឋបាលថ្មីរបស់អាមេរិក នឹងពិនិត្យឡើងវិញនូវគោលនយោបាយ និងវិធីសាស្រ្តសហរដ្ឋអាមេរិកទាំងមូលឆ្ពោះទៅប្រទេសកូរ៉េខាងជើង។

ខណៈពេលដែលការពិនិត្យមើលជាក់ស្តែង កំពុងដំណើរការលោក Blinken បានលើកឡើងថាឧបករណ៍ដើម្បីនាំកូរ៉េខាងជើង ត្រឡប់ទៅតុចរចាវិញអាច រួមមានការដាក់ទណ្ឌកម្មបន្ថែមទៀត ក្នុងការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ក៏ដូចជាការលើកទឹកចិត្តផ្នែកការទូត។

ប្រទេសកូរ៉េខាងជើង បានឃ្លាតឆ្ងាយពីការជជែកស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ចាប់តាំងពីជំនួបកំពូលលើកទី ២ រវាងមេដឹកនាំរបស់ខ្លួន គឺលោកគីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងនៅទីក្រុងហាណូយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩៕ ដោយ ឈូក បូរ៉ា

To Top