ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិក ឲ្យបញ្ឈប់ការជ្រៀតជ្រែក បញ្ហានៅហុងកុង ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែក ក្នុងបញ្ហាដែលទាក់ទងនឹងហុងកុង ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ នេះបើយោងតាមការចុះផ្សាយ​ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ហុងកុង គឺជាហុងកុងរបស់ចិន ហើយកិច្ចការហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ ឆ្លើយតបទៅនឹងសុន្ទរកថារបស់លោក Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកវ៉ាង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា គ្មានប្រទេសបរទេសណាមួយ មានសិទ្ធិជ្រៀតជ្រែក ចូលក្នុងប្រទេសទាំងនោះឡើយ។

តាមរបាយការណ៍បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែធ្វើតាមចក្រភពអង់គ្លេស ក្នុងការអនុញ្ញាតឲ្យ“ អ្នកដែលត្រូវបានបង្ក្រាប ដែលភៀសខ្លួនចេញពីទីក្រុងហុងកុង” ។

លោកវ៉ាង បានលើកឡើងថា រាល់សកម្មភាពខុសច្បាប់ទាំងអស់ ត្រូវទទួលទោសតាមច្បាប់។ នេះជាករណីនៅគ្រប់ប្រទេស និងតំបន់ទាំងអស់ ដែលគ្រប់គ្រងដោយនីតិរដ្ឋ។

ប្រសិនបើសហរដ្ឋអាមេរិក យល់ព្រមថា គោលការណ៍មូលដ្ឋាននេះ ក៏អនុវត្តទៅលើអ្វី ដែលបានកើតឡើង នៅវិមានកាពីតូល នោះខ្លួនគួរតែឆ្លុះបញ្ចាំង និងកែសំរួលពាក្យ និងសកម្មភាពខុសរបស់ខ្លួន រួមទាំងការរំលោភច្បាប់នៅហុងកុង និងប្រើបញ្ហាហុងកុង ដើម្បីជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដើម្បីចៀសវាងការបំផ្លាញជំនឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ ទៅវិញទៅមករវាងចិន និងសហរដ្ឋអាមេរិក៕ ដោយ៖ ឈូក បូរ៉ា

To Top