ព័ត៌មានអន្តរជាតិ

តុលាការ ICJ អះអាងថា ខ្លួនមានយុត្ថាធិការ ក្នុងការគ្រប់គ្រងករណីអ៊ីរ៉ង់ ប្រឆាំងនឹងអាមេរិក

ឡាអេ៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ នៅថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ខ្លួនមានយុត្តាធិការ ក្នុងការគ្រប់គ្រងករណី ដែលអ៊ីរ៉ង់ប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងគោលបំណងបញ្ឈប់ការដាក់ទណ្ឌកម្ម ដែលបានដាក់ចេញ ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ។

ក្នុងអំឡុងសវនាការ នៅខែកញ្ញាឆ្នាំមុន មេធាវីរបស់សហរដ្ឋអាមេរិក បានស្នើសុំចៅក្រម នៅអង្គជំនុំជម្រះតុលាការកំពូល នៃអង្គការសហប្រជាជាតិ ឲ្យបោះបង់ចោលរឿងក្ដីនេះ។ ទោះយ៉ាងណានៅថ្ងៃពុធម្សិលមិញនេះ ភាគច្រើននៃក្រុមចៅក្រមចំនួន ១៦រូប បានច្រានចោលការជំទាស់ របស់សហរដ្ឋអាមេរិក និងបានរកឃើញថា តុលាការយុត្តិធម៌អន្តរជាតិ មានយុត្តាធិការក្នុងករណីនេះ។

នៅឆ្នាំ២០១៨ អ៊ីរ៉ង់បានស្នើសុំចៅក្រមនៅ ICJ បញ្ជាឱ្យដកទណ្ឌកម្មជាបន្ទាន់ទៅអ៊ីរ៉ង់ ដោយសហរដ្ឋអាមេរិក។ បណ្តឹងនេះធ្វើតាមសេចក្តីសម្រេច របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ដែលបានចុះហត្ថលេខា ដោយមហាអំណាចកាលពីឆ្នាំ២០១៥ ។

លើសពីនេះសហរដ្ឋអាមេរិក បានប្រកាសស្តារឡើងវិញ នូវប្រសិទ្ធភាពពេញលេញ នៃទណ្ឌកម្មនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្រិតខ្ពស់ ដោយកំណត់គោលដៅដោយផ្ទាល់ ឬដោយប្រយោលទៅលើក្រុមហ៊ុនអ៊ីរ៉ង់ ប្រជាជន និងរដ្ឋាភិបាលអ៊ីរ៉ង់។

បន្ទាប់ពីការដាក់ទណ្ឌកម្មជាថ្មីនេះ អ៊ីរ៉ង់បានចាប់ផ្តើមនីតិវិធី ប្រឆាំងនឹងសហរដ្ឋអាមេរិក នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ។

យោងតាមប្រទេសអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានរំលោភ លើសន្ធិសញ្ញាមិត្តភាពឆ្នាំ១៩៥៥ រវាងប្រទេសទាំងពីរ គឺសន្ធិសញ្ញាមិត្តភាព ទំនាក់ទំនងសេដ្ឋកិច្ចនិងសិទ្ធិកុងស៊ុល ហើយបានស្នើសុំទៅតុលាការ ដើម្បីបង្ហាញពីវិធានការបណ្តោះអាសន្ន៕
ដោយ៖ ឈូក បូរ៉ា

To Top