ព័ត៌មានអន្តរជាតិ

នាវាពិឃាត USS John McCain ក្លាយជានាវាទ័ពជើងទឹក អាមេរិក ទីមួយ ធ្វើដំណើរកាត់ តាមច្រកសមុទ្រ តៃវ៉ាន់ក្នុងឆ្នាំ២០២១

បរទេស ៖ កងទ័ពជើងទឹកអាមេរិក បានបញ្ជាក់ថា នាវាពិឃាតរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក USS John McCain នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ នេះបើតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើការពិពណ៌នាការ ធ្វើដំណើររបស់នាវាពិឃាតនោះថា គឺជាការធ្វើដំណើរឆ្លង កាត់ច្រកសមុទ្រតៃវ៉ាន់ តាមប្រក្រតីធម្មតា ដែលធ្វើឡើង ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា ការធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ របស់នាវានោះ បង្ហាញឲ្យឃើញនូវ ការប្តេជ្ញារបស់អាមរិក ចំពោះសេរីភាព និងភាពបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយយោធាសហរដ្ឋអាមេរិក នឹងបន្តធ្វើអាកាសចរណ៍ នាវាចរណ៍ និងប្រតិបត្តិការ នៅគ្រប់កន្លែងដែលច្បាប់ អន្តរជាតិអនុញ្ញាត ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ជាប្រក្រតីតែងតែធ្វើប្រតិបត្តិការសេរភាពនាវាចរណ៍នៅក្នុងតំបន់ ប៉ុន្តែការធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍នេះ គឺជាការធ្វើដំណើរដំបូងកាត់តាមផ្លូវទឹក ដែលខ័ណ្ឌចែកប្រទេសចិន និងកោះតៃវ៉ាន់ នៅក្នុងឆ្នាំនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top